នៅព្រឹកថ្ងៃទី១២មករានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យមើល​លក្ខណៈដើមឈើមានអាយុកាលជាង៣០០ឆ្នាំចំនួន៣ដើម ស្ថិតនៅសួនកាណាឌីយ៉ាមុខ​ពេទ្យព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធរគ្រោងនឹងកាប់ចេញ ដើម្បី​ជៀស​វា​ង​បង្កជាគ្រោះថ្នាក់នៅតាមដងផ្លូវ។

ប៉ុន្តែលោក ឃួង​ ស្រេង បានប្រាប់ខ្មែរណាស់ថា បន្ទាប់ពីលោកបានចុះពិនិត្យនៅព្រឹកនេះ គឺដើមឈើទាំងនោះ អាចមានលទ្ធភាពបន្តរក្សាទុកបាន ហើយក៏លោកបានសម្រេចដើម្បី​រក្សាទុកសិន ដោយអាជ្ញា​ធរនឹងអាចមានវិធានការ២ដើម្បីរក្សាដើមទាំងនេះ ទី១​ត្រូវ​ចងដោយខ្សែកាប និងទី២រកដែកទល់ដើម្បីចៀសវាងការបាក់រលំ។

លោកបន្តថា៖«យើងនឹងនៅតែបន្តរក្សាដើមឈើនេះទុក តែយើងត្រូវពិនិត្យឱ្យអស់លទ្ធភាពថាធ្វើយ៉ាងណាដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋរបស់យើង»។



ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួង គឺមានចំនួនប្រមាណ៥០ដើម និងមានអាយុកាលជាង៣០០ឆ្នាំមកហើយ ហើយ​ក្នុងចំណោមដើមឈើនោះ។ ដំបូងឡើយ អាជ្ញា​ធររាជធានីភ្នំពេញបានឯកភាពជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ ថានឹងកាប់​ចោល​ចំនួន៣ដើម ដោយសារពុកគល់ ប្រហោងក្នុង ដើម្បីកុំឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។

លោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកឡើងដែរថា ដើមឈើទាំង៣ដើមនេះ យើងមិនទាន់សន្មត់ថាត្រូវតែកាប់វាចេញនោះទេ ហើយអាជ្ញាធរសាលារាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញដើម្បីចុះពិនិត្យ និងរកគ្រប់វិធីដើម្បីទុកដើមឈើទាំងនេះ។

លោកថា៖« យើងនឹងរកវិធីធ្វើយ៉ាងណាកុំទាន់អាលត្រូវដកដើមឈើនេះចេញ ដោយសារតាំងពីដើមមកតាមរយៈជំនាញបានបញ្ជាក់ថា ទីតាំងដើមឈើទាំង ៣នេះ មានអាយុកាលច្រើនឆ្នាំពិតមែន ក៏ប៉ុន្តែវាមិនមានឬសកែវរឹងមាំ ដែលអាចប្រឈមជាមួយហានិភ័យថាវាបាក់រលំ នៅពេលណាមានខ្យល់ ឬភ្លៀងខ្លាំង និងអាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋរបស់យើង នោះវារឹតតែជាការសោកស្តាយជាងការដែលប្តូរដើមឈើចេញទៅទៀត»៕