លោកបណ្ឌិត អ៊ី លីម៉ា

សកលវិទ្យាធិការរងនៃសកលវិទ្យាល័យចេនឡា លោកបណ្ឌិត អ៊ី លីម៉ា បានសរសេរសារផ្ញើជូននិស្សិតរបស់លោក ឲ្យខិតខំប្រឹងរៀនសូត្រ ជាពិសេសឆ្លៀតពេលអានសៀវភៅ និងចូលរួមជាមួយរដ្ឋាភិបាល ក្នុងអំឡុងពេលសម្រាកវិស្សមកាលតូចមុនការកំណត់ដោយសារបញ្ហាកូវីដ ១៩ ។ សូមអាននូវសារទាំងស្រុងរបស់លោកបណ្ឌិតខាងក្រោម៖

ប្អូនៗជាទីស្រឡាញ់!!

គ្មានអ្វីដែលអាចប្រកែកបានឡើយចំពោះបញ្ហាឈប់សំរាកវិស្សមកាលតូចមុនកាលកំណត់ដើម្បីចូលរួមទប់ស្កាត់ជំងឺ Covid-19នោះទេ។ បញ្ហាទាំងនេះហើយ​ដែលគ្រូសម្រេចចិត្តសរសេរអត្ថបទមួយនេះផ្ញើជូនប្អូនៗ។

​សាកលវិទ្យាល័យរបស់យើងមួយនេះគឺមានប្រវត្តិជិត២០ឆ្នាំកន្លងមកហើយ​ ជាពិសេសទៅទៀតនោះ ចេនឡាគឺជាសាកលវិទ្យាល័យឯកជនតែមួយគត់ដែលឈានមុខគេក្នុងការបណ្តុះបណ្តាលផ្នែកថែទាំវេជ្ជសាស្រ្ត (ឆ្មប មន្ទីរពិសោធន៏ និងគិលានុបដ្ឋាក)។

​បញ្ហាឈប់សំរាកវិស្សមកាលតូចមុនកាលកំណត់របស់សាកលវិទ្យាល័យទាំងអស់(រួមទាំងសាកលវិទ្យាល័យចេនឡា)​ នៅពេលនេះវាមិនមែនជារឿងចៃដន្យនោះទេ គឺដោយសារប្រទេសជាតិរបស់យើង​កំពុងតែប្រឈមមុខជាមួយ និងជំងឺរាតត្បាតមួយមានឈ្មោះថា Covid-19 ដែលបង្កឡើងដោយវីរុស Corona ។

​ជំងឺនេះកំពុងតែរាតត្បាតខ្លាំងនៅតំបន់ អឺរ៉ុប និងប្រទេសអ៊ីរ៉ង់ ក៏ប៉ុន្តែវាមានការថយចុះស្ទើរតែទាំងស្រុងនៅប្រទេសចិន ដែលជាប្រទេសមានអ្នកកើតជំងឺនេះមុនគេ និងច្រើនជាងគេ។

​ចំពោះមុខគ្រូយល់ថា ជំងឺនេះនឹងមានការទប់ស្កាត់បានទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាន។ ប៉ុន្តែអ្វីដែលលោកគ្រូចង់និយាយ និងផ្នាំផ្ញើដល់ប្អូនៗទាំងអស់គ្នាថា៖

​បើទោះបីជាស្ថានការណ៍វិវត្តទៅជាយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំនៃសាកល​វិទ្យាល័យរួមទាំង​​សាស្រ្តាចារ្យទាំងអស់គ្នានៅតែបន្តតាមដានការសិក្សារបស់ប្អូនៗតាមរយៈវិធីសាស្រ្តផ្សេងៗ​ដដែល។​​ចូរកុំតក់ស្លុតនិងជំងឺនេះជាដាច់ខាត។

​សូមប្អូនៗរក្សាភាពស្ងៀមស្ងាត់ និងចេះប្រើប្រាស់ចំណេះដឹងបញ្ញាញាណក្នុងការចូលរួមទប់ស្កាត់​ជាមួយនិងរាជរដ្ឋាភិបាលអោយបានត្រឹមត្រូវ។ សូមកុំរវើរវាយ កុំចូលរួមចែកចាយនូវព័ត៌មានមិនច្បាស់​​ការណ៍នានាអំពីបញ្ហាជំងឺ Covid-19 ដើម្បីអោយជីវិតរបស់ប្អូនៗ រស់នៅសុខដុមរម្យនាដូចមុនពេលមានជំងឺ​នេះកើតឡើង។

​ចូរឆ្លៀតយកពេលវេលានេះអានសៀវភៅនៅតាមបណ្ណាល័យ រៀនសូត្រតាមបណ្តាញទំនាក់ទំនង​សង្គមផ្សេងៗ ឬតាមរយៈការស្នើសុំឯកសារពីសាស្រ្តាចារ្យទុកសម្រាប់អាន ក៏ដូចជាទៅហាត់ប្រាណផងដែរ ។

​ប្អូនៗទាំង​អស់គ្នាមិនគួរសំងំនៅតែផ្ទះ ដោយខ្លួនឯងមានសុខភាពធម្មតា ឬក៏នាំគ្នាទិញម៉ាសមកពាក់ដោយមិនបានដឹងពីការប្រសិទ្ធភាពនៃការប្រើប្រាស់នោះទេ។ តាមពិតអ្នកជំងឺទេដែលគាត់​ជាអ្នកត្រូវការពាក់ម៉ាស់ក្នុងគោលបំណងការពារ ការចម្លងទៅអ្នកដ៏ទៃផ្សេងទៀត ឬការប្រើប្រាស់ម៉ាសសម្រាប់ការពារនៅពេលយើងទៅពិនិត្យ ឬថែរក្សាអ្នកជំងឺតែប៉ុណ្ណោះ។ ផ្ទុយទៅវិញប្អូនៗដែលមិនបាន​យល់​ច្បាស់នោះ​ វាអាចប្រឈមនឹងហានិភ័យផ្សេងៗដោយសារការពាក់ម៉ាសមិនត្រឹមត្រូវទៅវិញនោះទេ។ អ្នកជំងឺគាត់កំពុងត្រូវការម៉ាសយ៉ាងខ្លាំង​​។ និយាយដូច្នេះមិនមែនហាមឃាត់ប្អូនៗពាក់ម៉ាសទេ តែប្រើម៉ាសក្នុងពេលចាំបាច់។

​ឆ្លងតាមរយៈបទពិសោធន៏ និងភាពរីកចំរើននៃវិទ្យាសាស្រ្តនាពេលកន្លងមកនេះ យើងសង្កេត​ឃើញ​​ថា ​វិស័យសុខភាពសាធារណៈនៅលើពិភពលោកមានការរីកចំរើនខ្លាំងណាស់។ ដូច្នេះកូវីដ​មិនអាចយកឈ្នះវិទ្យាសាស្រ្តសុខភាពសាធារណៈបាននោះទេ ។

​ដូច្នេះសូមប្អូនៗគិតគូអោយបានច្បាស់លាស់ដើម្បីរក្សារបស់ដ៏មានតម្លៃបំផុតដែលយើងមាននោះគឺ{តម្លៃនៃមនុស្សជាតិ}។បើយើងរក្សាមិនបាននូវតម្លៃនៃមនុស្សជាតិ  នោះជម្ងឺរាតត្បាតនេះនឹងឈ្នះយើងទាំងអស់គ្នាជាក់ជាមិនខាន។

គ្រូ លីម៉ា