អង្គការអុកស្វាម (OXFAM) កម្ពុជាបញ្ជាក់ថា កសិករនឹងមានអំណាច​តថ្លៃតម្លៃ​ស្រូវ​ដោយផ្ទាល់ ជាមួយអ្នកនាំចេញនិងអ្នកបញ្ជាទិញពីក្រៅប្រទេស តាមរយៈការដាក់​ឱ្យប្រើប្រាស់សាកល្បងបច្ចេកវិទ្យាថ្មីមួយ ដែលហៅថាប្លុកឆេន(Blockchain)។

នាយិកាអង្គការអុកស្វាម អ្នកស្រី លីម សូលីន បានប្រសាសន៍ថា បច្ចេកវិទ្យាប្លុកឆេន​នេះ គឺត្រូវដាក់អនុវត្តសាកល្បងលើកដំបូងបំផុតនិងមានតែមួយគត់នៅក្នុងប្រទេស​កម្ពុជា។ អ្នកស្រីបន្តថា បច្ចេកវិទ្យានេះ នឹងសាកល្បងដំបូងជាមួយកសិករគំរូចំនួន​៥០​នាក់។

អ្នកស្រីបញ្ជាក់« ការឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យា(Blockchain) នេះ ដើម្បីឱ្យប្រាកដ​ថា កសិករអ្នកផលិតស្រូវសរីរាង្គផ្ទាល់មានសិទ្ធិទាមទារតម្លៃណា​មួយជាមួយ​អ្នក​បញ្ជា​ទិញពីក្រៅប្រទេសផ្ទាល់ ដើម្បីឱ្យសាកសមនឹងតម្លៃពលកម្មរបស់ពួកគាត់។ យើង​សង្ឃឹមថា គម្រោងនេះ ជួយកាត់បន្ថយភាពក្រីក្ររបស់កសិករហើយជួយឱ្យពួកគាត់​មានលទ្ធភាពបញ្ជូនកូនៗទៅសាលារៀន»។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកម្មវិធីសម្ពោធគម្រោងប្លុកឆេនដើម្បីជីវភាពកសិករ​ស្រូវសរីរាង្គពីកម្ពុជា ដែលរៀបចំដោយអង្គការអុកស្វាម នៅក្នុងវិទ្យាស្ថានបារាំងកម្ពុជា ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៨នេះ។

អ្នកស្រី លីម សូលីន បន្ថែមទៀតថា ការទុកចិត្តគ្នារវាងអ្នកចូលរួមនិងការ​ចេះបត់បែន​តាមសភាពការ នឹងជួយឱ្យគម្រោងនេះទទួលបានជោគជ័យ។

បើតាមនាយិកអង្គការអុកស្វាមបញ្ជាក់ថា គោលបំណងធំរបស់អង្គការ គឺប្លុកឆេន​នឹងជួយទៅដល់កសិកររាប់លាននាក់ឯណោះនៅខាងមុខ បន្ទាប់ពីការសាកល្បង​ជាមួយកសិករគំរូចំនួន៥០នាក់ បញ្ចប់នៅខែមេសា ឆ្នាំ២០១៩៕