គិតត្រឹមខែសីហា ឆ្នាំ២០១៨ ការវិនិយោគរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកនៅកម្ពុជា មានចំនួន ៥២ គម្រោង ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ១,១ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានប្រមាណ ២៧៤ លានដុល្លារអាមេរិក។ នេះបើតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបង្ហាញ ក្រោយពីជំនួប លោក សុខ ចិន្តាសោភា រអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃឃើល មីខាឡិក (Michael Michalak) ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនឯកជនធំៗរបស់អាមេរិកប្រមាណ ៣០នាក់។ ជំនួបនេះ ធ្វើឡើងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

លោក សុខ ចិន្តាសោភា បានប្រាប់ទៅគណៈប្រតិភូពីគោលនយោបាយគាំទ្រនានាដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងទិសដៅលើកទឹកចិត្ត និងពង្រឹងនូវទំនុកចិត្តរបស់អ្នកវិនិយោគគ្រប់រូបក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមបញ្ចូលទាំងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យក្នុងការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។