​នៅ​ប្រហែល​ម៉ោង​១២​ថ្ងៃ​ចន្ទ​ទី​១៦​មីនា​នេះ តុលាការ​ខេត្តក្រចេះ​បានសម្រេច​ដាក់​សកម្មជន​ការពារ​ព្រៃឈើ​៤​នាក់ គឺ​លោក អ៊ូច ឡេង ម្ចាស់​ពានរង្វាន់​វីរៈជន​បរិស្ថាន​ឬ​ហៅថា Goldman Environmental Prize ឆ្នាំ​២០១៦ និង​សកម្មជន​ព្រៃ​ឡង់​៣​នាក់​ទៀត គឺ​លោក ខេ​ម សុខ​ឃី លោក ស្រី ថី និង​លោក មេន ម៉ាត់ ឱ្យ​ស្ថិតក្នុង​ការស៊ើបអង្កេត​បន្ត ខណៈ​តុលាការ​នេះ​បាន​ដោះលែង​ពួកគេ​ត្រឡប់មក​លំនៅដ្ឋាន​វិញ​។​

​តុលាការ​ក៏បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​សកម្មជន​ទាំង​៤​នាក់​នេះ ឱ្យទៅ​សុំច្បាប់​ពី​ក្រសួងមហាផ្ទៃ​ជាមុន ប្រសិនបើ​ពួកគេ​ចង់​បន្តសកម្មភាព​ការពារ​ព្រៃឈើ​បន្តទៅទៀត​។

​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៣​មីនា ក្រុម​សន្ដិសុខ​ក្រុមហ៊ុន ស៊ី​ង​បាយ​អូ​ថេ​ក ដែល​ក្រុមហ៊ុន​រង​ការ​ចោទថា​បាន​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្តក្រចេះ បាន​ចុះទៅ​ឃាត់ខ្លួន​សកម្មជន​ទាំង​៤​នាក់​នេះ​នាំចូល​ទៅក្នុង​បរិវេណ​ក្រុមហ៊ុន ខណៈ​ពួកគេ កំពុង​ចុះ​ឃ្លាំមើល​និង​ស៊ើបអង្កេត​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃ​ឡង់​។​

​សកម្មជន​ម្នាក់ គឺ​លោក មេន ម៉ាត់ ត្រូវបាន​រង​អំពើហិង្សា​ពី​សំណាក់​កម្មករ​ក្រុមហ៊ុន​នេះ មុន​សកម្មជន​ទាំង​៤​នាក់ ត្រូវបាន​បញ្ជូនមក​អធិការ​ស្រុក​សំបូរ​នៅ​រសៀល​ម៉ោង​៤​ថ្ងៃ​ដដែល​។ ពួកគេ​ត្រូវបាន​បញ្ជូនបន្ត​មកកាន់​ស្នងការ​ខេត្ត ហើយ​ត្រូវបាន​ស្នងការ​ខេត្ត បញ្ជូន​មកកាន់​សាលាដំបូង​ខេត្តក្រចេះ​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែមីនា​។​

​ក្រុមយុវជន​និង​ព្រះសង្ឃ រួមទាំង​អ្នក​ស្រលាញ់​ធនធាន​ព្រៃឈើ​ជាច្រើនរូប​ទៀត បាន​លើកគ្នា​ទៅ​តវ៉ា​នៅខាងមុខ​តុលាការ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ទាំងនេះ ដោយ​អត់​លក្ខខណ្ឌ​។​

​ក្រុម​អង្គការ និង​សមាគម​ចំនួន​២៤ បានចេញ​ថ្លែងការណ៍​រួមគ្នា​ថ្កោលទោស​ការឃាត់ខ្លួន​សក​ម្ម​ជន​ទាំង​៤​នាក់​នេះ និង​ចាត់ទុក​ការឃាត់ខ្លួន ថា​ធ្វើឡើង​ដើម្បី​គំរាមកំហែង​សកម្មជន​ការពារ​ព្រៃឈើ ដែលជា​សកម្ម​ភាពស្រប​ច្បាប់​មាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ផ្ទុយទៅវិញ​ក្រុម​អង្គការ​ទាំងនេះ បាន​ស្នើឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​សកម្មភាព​របស់​ក្រុម ស៊ី​ង​បាយ​អូ​ថេ​ក និង​ស្វែង​ជនដៃដល់​២​នាក់ ដែល​ប្រើ​ហិង្សា​លើ​លោក មេន ម៉ាត់ មក​ផ្ទ​ន្ទា​ទោស​តាមច្បាប់​៕