កញ្ញា ងិន លីដា

អស់រយៈពេលជិតពីរសប្តាហ៍មកហើយ ដែលនិស្សិតខ្មែរមួយរូបកំពុងសិក្សានៅអាមេរិកគឺកញ្ញា ងិន លីដា បានយកថ្ងៃខួបកំណើតរបស់ខ្លួន ធ្វើយុទ្ធនាការនៅតាមបណ្តាញសង្គមហ្វេសប៊ុកដើម្បីរៃអង្គាសថវិកាជួយដល់មជ្ឈមណ្ឌលសិក្សាបរទេសតាគិន នៅក្នុងខេត្តស្វាយរៀង។មជ្ឈមណ្ឌលនេះ ផ្តល់ការសិក្សា ដល់ក្មេងៗក្រីក្ររាប់រយនាក់នៅក្នុងឃុំ បានសិក្សាដោយអត់គិតថ្លៃ។

តាមគោលដៅរបស់កញ្ញា លីដា គឺស្វែងរកអ្នកជួយឧបត្ថម្ភឲ្យបាន ១៥០០ ដុលារ ដើម្បីទិញកុំព្យូទ័រ ជួយដល់មជ្ឈមណ្ឌលខាងលើ សម្រាប់សិស្សក្រីក្រសិក្សា។ តែសប្បុរសជន ដែលបានចូលរួមផ្តល់ថវិកា តាមរយៈការរ៉ៃអង្គាសរបស់កញ្ញា មានចំនួនច្រើន ហើយចំនួនថវិកាដែលនិស្សិតរូបនេះ ទទួលបានលើសពីការរំពឹងទុកទៅទៀត។ គិតត្រឹមថ្ងៃទី ៩ វិច្ឆិកា ថវិកា ដែលកញ្ញា លីដា ប្រមូលបានមានចំនួន ១៨០២ ដុល្លារ។

ពីទឹកដីអាមេរិក កញ្ញា ងិន លីដា បានប្រាប់ខ្មែរណាស់ថា កញ្ញាសប្បាយចិត្តខ្លាំងណាស់ ដែលបានរួមចំណែកជួយដល់ក្មេងក្រីក្រខ្លះ ឲ្យទទួលបានការអប់រំ។ សារសំខាន់នៅលើបណ្តាញសង្គមហ្វេសប៊ុកនៃយុទ្ធនាការរៃអង្គាសរបស់ លីដា បានសរសេរយ៉ាងនេះថា៖« ខ្ញុំតែងតែជឿជាក់លើអំណាចនៃការអប់រំ ដែលតែងតែនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងក្តីសង្ឃឹមក្នុងការរស់នៅរបស់មនុស្សជាតិ។ ជាស្តែងដូចជាជីវិតរបស់ខ្ញុំ នឹងមិនអាចមានថ្ងៃនេះឡើយប្រសិនបើគ្មានការអបំរំ។ ចំណេះដឹងបានផ្លាស់ប្តូរនូវជីវិតរបស់ខ្ញុំ»។

កញ្ញា ងិន លីដា បានទៅបន្តការសិក្សានៅអាមេរិកអស់រយៈពេលជាងមួយឆ្នាំកន្លះហើយ។កញ្ញា បានប្រាប់ខ្មែរណាស់ថា នៅពេលឆាប់ៗខាងមុខ នាងនឹងបញ្ចប់ការសិក្សា និងត្រឡប់មកកម្ពុជាវិញ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាភាសាបរទេសតាគិន ស្ថិតនៅក្នុងឃុំ គួយ ត្របែក ខេត្តស្វាយរៀង។ មជ្ឈមណ្ឌលបង្កើតឡើងដោយលោក ម៉ៃ ទិត្យថារ៉ា អ្នកកាសែតដ៏ឆ្នើមម្នាក់នៅកម្ពុជា។ អ្នកកាសែតរូបនេះ បានបែងចែកថវិកាពាក់កណ្តាលដែលបានមកពីប្រាក់ខែរបស់ខ្លួន ដែលបម្រើការងារនៅស្ថាប័នសារព័ត៌មាន ដើម្បីទ្រទ្រង់ដល់មជ្ឈមណ្ឌលសិក្សាមួយនេះ។ កន្លងមក ក៏មានសប្បុរសជនខ្លះ បានចូលរួមចំណែកថវិកា និងសម្ភារ ដល់មជ្ឈមណ្ឌលដែលបង្រៀនភាសាបរទេស កុំព្យូទ័រ សម្រាប់សិស្សក្រីក្រមួយនេះ។