នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាននិយាយនៅក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តីកាលពីថ្ងៃសុក្រថា ជនបរទេសនៅក្នុងប្រទេសវៀតណាម​ត្រូវតែបង់ប្រាក់​សម្រាប់ការព្យាបាលដោយខ្លួនឯង ប្រសិនបើពួកគេមានវិជ្ជមានកូវីដ១៩(Covid-19 )។

ទោះជាយ៉ាងណាពួកគេនឹងមិនត្រូវចំណាយប្រាក់សម្រាប់ការដាច់ដោយឡែកនិងការធ្វើតេស្ដរកមេរោគឡើយ ហើយពលរដ្ឋវៀតណាម គឺទទួលបានការព្យាបាលដោយ​ឥត​គិតថ្លៃ​ចំពោះការឆ្លងមេរោគ Covid-19 ។

លោកបន្តថា ប្រជាជនដែលប្រមូលផ្តុំជាង១០០នាក់ ត្រូវពាក់ម៉ាស់មុខដើម្បីការពារ​ការ​ឆ្លង ដែលអាចកើតមានជាយថាហេតុ ហើយខាងឧស្សាហកម្ម​ត្រូវផ្តល់ម៉ាស់ការពារ​គ្រប់​គ្រាន់ដល់ប្រជាជន។ លោកបានកត់សម្គាល់ថា អាកាសយានដ្ឋាន និងច្រកព្រំដែនត្រូវ​តែមាន​ម៉ាស់គ្រប់គ្រាន់សម្រាប់អ្នកដំណើរដែលមានបំណងចូលប្រទេសវៀតណាម។

នាយករដ្ឋមន្រ្តីបញ្ជាក់ថា ទំនិញចាំបាច់គួរតែត្រូវបានផ្តល់ជូនប្រជាជនក្នុងតម្លៃសមរម្យ ហើយហាងនានានៅតែអាចបើកបានរហូតដល់ម៉ោង១១ យប់។

លោកបានបន្ថែមថា៖«ប្រទេសវៀតណាមមានសមត្ថភាព ធនធាន បទពិសោធន៍ និង​ឆន្ទៈ​គ្រប់គ្រាន់ដើម្បីការពារ Covid-19។ សម្រាប់សុខភាពប្រជាជន យើងមានឆន្ទៈលះ​បង់​ផល​ប្រយោជន៍សេដ្ឋកិច្ចក្នុងរយៈពេលខ្លី»។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានរកឃើញករណីឆ្លងវីរុស Covid-19 ចំនួន ៤៩ ករណី។ ការឆ្លងថ្មីចំនួន ៣០ ត្រូវបានកត់ត្រាក្នុងសប្តាហ៍មុន ក្នុងនោះ​មាន​ជនបរទេស១១នាក់។ អ្នកជម្ងឺទាំង១៦នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ហើយបន្ទាប់មក ប្រទេសនេះ មិនបានរកឃើញករណីឆ្លងថ្មីជាង៣សប្តាហ៍៕

ប្រភព៖VNA