ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានសប្រសាសន៍ថា យើង​ទាំងអស់គ្នានិយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើង គឺមានទំហំ​ធំធេង​ណាស់ ដែលបង្ហាញច្បាស់ថា ជាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុ ដែលកំ​ពុងនាំទៅដល់ការបំផ្លាញ សិទ្ធិមនុស្សពិតប្រាកដ។ ដោយសម្តេចតេជោ បានហៅ​ករណីអ្នកដំណើរលើនាវា Westerdam គឺជាវិបត្តិមនុស្សធម៌។

សម្តេច ថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់​ការសិក្សា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេច ហ៊ុន សែន មានប្រសាសន៍បន្តថា ជំងឺ COVID-19 ដែលកំពុងញាំញី និងអង្រួន​សភាពការណ៍នៅក្នុងតំបន់ និងពិភពលោក នាំឲ្យមាន ការភ័យតក់ស្លុត រហូតបាត់​អស់នូវគុណធម៌ សីលធម៌ មនុស្សធម៌ និងមិត្តភាពល្អជាមួយគ្នា។ ករណីនេះ សម្តេចបានហៅថា ជាវិបត្តិមនុស្សធម៌លើ​ករណីនាវា Westerdam។



សម្តេចមានប្រសាសន៍ដូច្នេះថា« បើកម្ពុជាមិនទទួលនាវានេះ អោយចុះចតទេ ម៉្លេះមកទល់ពេលនេះ មិនដឹងជារសាត់អណ្តែត ទៅដល់ទីណាទេ ព្រោះស្បៀង​អាហារក៏ជិតអស់ រីឯប្រេងក៏ជិតអស់ទៀត។ តើចុងបញ្ចប់ នៃជីវិតពួកគេនឹងត្រូវបូជា នៅលើកប៉ាល់ ឬបោះទម្លាក់ចោល ក្នុងទឹកសមុទ្រ? បើគ្រប់គ្នាបដិសេធ មិនទទួល​ពួកគេអោយចុះចត? តែកម្ពុជាមិនអាចបិទភ្នែកទុក អោយពលរដ្ឋទាំងនោះស្លាប់ទេ ព្រោះកម្ពុជាក៏ធ្លាប់ត្រូវ បានគេមើលងាយ និងរើសអើងពីមុន ហើយកម្ពុជា​យល់ច្បាស់​ណាស់ អំពីអារម្មណ៍បែបនេះ ចំពោះអ្នកទេសចរ ទាំងអស់នោះ។ យើងទាំងអស់គ្នា និយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើង គឺមានទំហំធំធេងណាស់ ដែលបង្ហាញ​ច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុ កំពុងនាំទៅដល់ការបំផ្លាញ សិទ្ធិមនុស្សពិតប្រាកដ»។

សម្តេចបានបន្តចោទជាសំនួរថា «បើកម្ពុជាមិនទទួលនាវានេះ អោយចុះចតទេ ម៉្លេះមកទល់ពេលនេះ មិនដឹងជារសាត់អណ្តែត ទៅដល់ទីណាទេ ព្រោះស្បៀង​អាហារនិងប្រេង ក៏ជិតអស់។ តើចុងបញ្ចប់ នៃជីវិតពួកគេនឹងត្រូវបូជា នៅលើកប៉ាល់ ឬបោះទម្លាក់ចូល ក្នុងទឹកសមុទ្រ? បើគ្រប់គ្នាបដិសេធ មិនទទួលពួកគេ​អោយចុះចត​នោះ?  យើងទាំងអស់គ្នា និយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើង គឺមានទំហំ​ធំធេងណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុ កំពុងនាំទៅដល់ការបំផ្លាញ សិទ្ធិមនុស្សពិតប្រាកដ»។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងបន្តធ្វើការងារលើករណីនាវា Westerdam ឲ្យចប់ចុងចប់ដើម រហូតពួកគេបានធ្វើដំណើរទៅកាន់ប្រទេសកំណើត ប្រកបដោយ​សុវត្ថិភាព។ទន្ទឹមគ្នា ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មី កម្ពុជានឹងបន្តមើលថែ ភ្ញៀវទេសចរ នៅលើនាវា MS Westerdam បើសាម៉ីប្រទេសគេមិនទទួល៕