នៅក្នុងការថ្លែងសារពិសេសមូយនៅយប់នេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា លោកមិនបញ្ជាឱ្យបិទចំពោះសកម្មភាពសេដ្ឋកិច្ចនៅក្នុងទីក្រុងភ្នំពេញនោះទេ ដូចជាបិទរោងចក្រ សហគ្រា ភោជនីយដ្ឋាន និងអាហារដ្ឋាន ប៉ុន្តែទីតាំងទាំងនេះ ត្រូវ​យក​ចិត្តទុកដាក់រក្សាគន្លាតសុវត្ថិភាពឱ្យបានម៉ត់ចត់ បើមិនដូច្នេះទេ អភិបាលរាជធានីនិងខេត្តមានអំណាច បិទទីតាំងណាដែលមិនគោរពតាមវិធានការសុខាភិបាល។

សម្ដេចថា៖«មកដល់ពេលនេះ ចំនួនឆ្លងនៅក្នុងសហគមន៍មិនទាន់ថមថយទេ គឺនៅតែបន្តកើនឡើង ហើយយោងលើស្ថានភាពដែងយើងកំពុងយកសំណាក ដែលមានកិច្ចសហ​ការពីអ្នកពាក់ព័ន្ធទាំងអស់ គឺនៅសល់សំណាកច្រើន។ ល្ងាចនេះយើងរកឃើញ​១៣​ករណី ដូច្នេះចំនួនឆ្លងក្នុងរង្វង់តែរយៈពេល៣ថ្ងៃឡើងជិត១០០នាក់ ដែលជាចំនួនឆ្លងមិនធ្លាប់មានតាំងពីពេលមុនមក»។



សម្ដេចបន្តថា៖«ហើយសម្រាប់ពលរដ្ឋដែលនៅតាមបណ្ដាខេត្ត ប្រសិនបើអាចពន្យារបាន ក្នុងការធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ក៏សុំពន្យារពេលសិន ដើម្បីទុកឱកាសឱ្យរាជធានីភ្នំពេញដោះស្រាយបញ្ហានេះ ចៀងវាងការកកកុញស្ទះចរាចរណ៍ ដែលបង្កជាមូលហេតុមួយនៃការចម្លងពីម្នាក់ទៅម្នាក់»៕