សម្ដេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋនៅទីក្រុងភ្នំពេញនិងខេត្តកណ្ដាល ត្រូវពន្យារពេលរៀបចំពិធីមង្គលការកូនមួយរយៈពេលសិន ដោយសារការតែការឆ្លងកូវីដក្នុងសហគមន៍រយៈពេល៣ថ្ងៃចុងក្រោយនេះ មានចំនួនឆ្លងនៅតែបន្តកើនឡើងខ្ពស់ ដែលធ្វើឱ្យការស្រាវជ្រាវអ្នករកឆ្លងកាន់តែមានការពិបាក។

សម្ដេចបន្តថា ប្រឈមបញ្ហាកាន់តែលំបាកនេះ គឺតម្រូវឱ្យរដ្ឋាភិបាលត្រូវប្រកានយកវិធាន​ការចាំបាច់មូយចំនួនបន្ថែមទៀត ដូចជាបិទសាលារៀនទាំងអស់រយៈពេល​៣​សប្ដាហ៍យ៉ាងតិចនៅខេត្តកណ្ដាលនិងរាជធានីភ្នំពេញ និងស្នើសុំឱ្យពលរដ្ឋត្រូវពន្យាររៀបចំពិធីមង្គលការឬការកាត់បន្ថយចំនួនមនុស្សចូលរួម ប្រសិនបើមិនអាចពន្យារពេលបាន។



សម្ដេចថា៖«ខ្ញុំពិតជាយល់ចំពោះការលំបាកក្នុងការរើសពេលវេលារៀបអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី។ ប៉ុន្តែនៅសល់ពេលវេលាប្រសិនបើអាចពន្យារពេលបាន គឺពន្យារ។ ប៉ុន្តែប្រសិនបើមិនអាចពន្យារបានទេ ក៏សុំមេត្តាកាត់បន្ថយមនុស្សចូលរួម ដើម្បីរក្សាវិធានការសុខាភិបាល គឺការរក្សាគន្លាតសុវត្ថិភាព ហើយជៀសវាងនូវការរៀបចំអាពាហ៍ពិពាហ៍រួចហើយ មានជំងឺឆ្លងរាលដាលក្នុងក្រុមគ្រួសារដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មី»។

នាយករដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៍២០កុម្ភៈទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរ ដូចជាអ្នករត់តាក់ស៊ី រត់ម៉ូតូឌុប កង់បីឬកង់បីឥណ្ឌា ដែលបានពាក់ព័ន្ធនឹងទីកន្លែងអ្នកឆ្លងកូវីដ ត្រូវយកសំណាកនិងធ្វើចត្តាឡីស័ក និងពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ត្រូវចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះ ក្នុងករណីមិនចាំបាច់ជាដើម៕