នៅព្រឹកថ្ងៃទី២៦តុលានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអំពាវនាវពលរដ្ឋកុំឲ្យមាន​ការធ្វេសប្រហែសចំពោះជំងឺកូវីដ១៩ ដើម្បីជៀសវាងមានការឆ្លងរីករាលដាលដូចនៅប្រទេសមីយ៉ាន់ម៉ា។ ការអំពាវនាវនេះ ធ្វើឡើងនៅកម្មវិធីបើកការដ្ឋានស្ពានបេតុងខ្សែ​កាប​ភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា។

ចំពោះស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាភាគច្រើនជាករណីនាំចូល ក៏ប៉ុន្តែមិនត្រូវធ្វេសប្រហែសនោះទេ។ សម្តេចថា៖«នៅមីយ៉ាន់ម៉ាដំបូងគឺ(ចំនួនឆ្លង)ប្រហាក់ប្រហែលនឹងយើង​។​ ស្រាប់តែឥលូវនេះ! លោតឡើងក្នុងមួយថ្ងៃជាង១០០០នាក់។ ដូច្នេះត្រូវតែបន្តការប្រុងប្រយ័ត្នជាមួយជំងឺកូវីដ១៩នេះ»។
ជំងឺកូវីដ១៩សរុបនៅមីយ៉ាន់ម៉ាមកទល់ពេលនេះ មានចំនួន៤៥៧៦០ករណី ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៤៩២០ករណី និងស្លាប់ចំនួន១១២៤ករណី។
ត្រឹមថ្ងៃទី២៦តុលា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ១៩សរុបត្រឹមចំនួន២៨៧នាក់ប៉ុណ្ណោះ ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៨៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅសល់៤នាក់។



ក្រសួងសុខាភិបាលបានលើកឡើងជារឿយៗថា ជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងកម្ពុជា ដែលតម្រូវឱ្យពលរដ្ឋបន្តប្រយ័ត្នជាប់ជានិច្ច ត្រូវអនុវត្តអនាម័យ រក្សាគន្លាតពីគ្នា មិនចេញក្រៅផ្ទះប្រសិនបើមិនចាំបាច់ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែលជាដើម៕