នៅក្នុងសេចក្តីថ្លែងសារគេហដ្ឋាននៅទីក្រុងតាខ្មៅ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបញ្ជាក់ថា កម្ពុជាមានលុយសន្សំទុកតម្កល់ទុកនៅក្នុងរតនាគារជាតិប្រមាណជិត​៣​ពាន់​លានដុល្លាអាមេរិក ដោយមិនគិតបញ្ជូលនឹងប្រាក់ចំណូលជាតិឆ្នាំ២០២០ រួមទាំងមាសជា​ង​៤៤តោនផ្សេងទៀត។ ការបញ្ចេញទិន្នន័យនេះស្របពេលមានការរិះគន់ថា រដ្ឋាភិបាលបានរៃអង្គាសប្រាក់ពីពលរដ្ឋ ដើម្បីបើកប្រាក់បៀវត្សជូនមន្រ្តីរាជការអំឡុងពេលកូវីដ។

សម្តេច ហ៊ុន សែន បានលើកឡើងថា ប្រាក់បម្រុងដែលជាមាសចំនួនជាង៤៤តោននិង៤០០គីឡូ គឺក្នុងនោះមានមាសចំនួន ១២តោនកំពុងតម្កល់ទុកនៅធានាគារប្រទេសស្វីស ដែលជាកេរ្តិ៍មរតកបន្សល់ទុកដោយសម្តេចព្រះបរមរតនកោដិនាសម័យសង្គមរាស្រ្តនិយម ហើយចំនួន១៧តោនទៀតកំពុងតម្កល់ទុកនៅធានាគារកណ្តាលនៃចក្រភពអង់​គ្លេស និងចំនួន ១៥តោននៅក្នុងធានាគារជាតិនៃកម្ពុជា។

សម្តេចបន្តថា ចំណូលថវិកាជាតិក្នុងឆ្នាំ២០២០ដែលបានមកពីការប្រមូលពន្ធ មិនមែនសារពើពន្ធ គិតត្រឹមថ្ងៃទី២៩ធ្នូនេះ កម្ពុជាទទួលបានពីពន្ធគយចំនួន ២៣៩១លានដុល្លា និងពន្ធដាវិញទទួលបានចំនួន ២៨៧៨លានដុល្លាអាមេរិក ចំណូលឆ្នាំនេះ នឹងអាចកើនឡើងទៀតនៅថ្ងៃបិទបញ្ជីចំណូលជាតិនៅចុងខែធ្នូខាងមុខនេះ។

សម្តេចថា៖«នៅថ្ងៃអនាគតកម្ពុជានឹងទទួលបានប្រភពចំនូលថ្មីផ្សេងៗទៀតដែលកម្ពុជាមិនធ្លាប់ទទួលបាន ដែលបានមកពីប្រេង យើងមានប្រភពចំណូលពីរ៉ែមាសដែលនឹងត្រៀម​ធ្វើអាជីវកម្មខ្នាតធំយើងមានប្រភពចំណូលពីធ្យូងថ្ម ដែលនឹងមិនចាំបាច់នាំចូល​ពីខាងក្រៅទៀត ហើយនឹងដាក់ឲ្យប្រតិបត្តិនៅឧត្តរមានជ័យ »។



លើសពីនេះ នាយករដ្ឋមន្រ្តីក៏បានប្រកាសបន្តផ្តល់ប្រាក់ឧបត្តមដល់គ្រួសារក្រីក្រដែលមានចំនួន ៧០៣៥៩២ គ្រួសារ រយៈពេល៣ខែទៀត គឺចាប់ពីខែមករា ដល់ខែមីនា ដោយក្នុងមួយខែ រដ្ឋនឹងត្រូវចំណាយប្រាក់អស់ជាង ៣០លានដុល្លារ ឬស្មើជិត១០០លានដុល្លារ បើបូកសរុបទឹកប្រាក់ត្រូវចំណាយទាំងអស់ក្នុងរយៈពេល៣ខែខាងមុខនេះ។

រួមទាំងប្រកាសបន្តដល់ប្រាក់ឧបត្ថម្ភរយៈពេល៣ដូចគ្នា សម្រាប់កម្មករ១៤៥៧៨នាក់ នៅតាមរោងចក្របិទ៤៤រោងចក្រ ដែលកំពុងព្យួរការងារកម្មករ ដោយក្នុងមួយខែ រដ្ឋឧបត្ថម្ភ៤០ដុល្លារក្នុងកម្មករម្នាក់ និងម្ចាស់រោងចក្រ៣០ដុល្លារ និងកម្មករខាងវិស័យទេសចរណ៍១១៨នាក់ ក៏ទទួលបន្តទទួលបាន៤០ដុល្លារដែរ៕

ដោយ៖ សុន មិនា