អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)នៃក្រសួងពាណិជ្ជកម្ម បានអះអាងនៅថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១៨ ថា កន្លងមក រដ្ឋាភិបាលបានរៀបចំគ្រប់គ្រាន់និងច្បាស់លាក់ប្រកបដោយលក្ខណៈបច្ចេកទេស ដើម្បីធានាសុវត្ថិភាព សុខភាព និងផ្ដល់ឱ្យបានពេញលេញនូវអាហារមានគុណភាពជូនពលរដ្ឋ។

ការបញ្ជាក់ពីខាងកាំកុងត្រូលនេះ បន្ទាប់ពីអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងថា ចំណីអាហារនៅក្នុងប្រទេសកម្ពុជាភាគច្រើន តែងបង្កប់នូវសារធាតុគីមី ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ។ នៅក្នុងវីដេអូបង្ហោះតាមហ្វេកប៊ុកកាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៨ លោក សម រង្ស៊ី បន្តទៀតថា ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីឱ្យពលរដ្ឋត្រូវចេះត្រួតពិនិត្យអំពីចំណីអាហារដែលមានគីមីនិងគ្មានគីមីដោយខ្លួនឯងកាលពីពេលកន្លងទៅនេះ គឺជាការបង្ហាញឱ្យឃើញថា រដ្ឋាភិបាលសព្វថ្ងៃគ្មានស្មារតីទទួលខុសត្រូវ ក្នុងការធានាចំណីអាហារឱ្យមានសុវត្ថិភាព ជូនពលរដ្ឋប្រើប្រាស់ឡើយ។ លោកបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន គួរតែរៀនសូត្រតាមបណ្ដារប្រទេសជិតខាង ដែលគេមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការផ្ដល់ចំណីអាហារគ្មានគីមីជូនពលរដ្ឋរបស់ខ្លួន។

ទោះជាយ៉ាងណា ខាងកាំកុងត្រូល ឆ្លើយតបថា ការលើកឡើងរបស់សម្ដេចតេជោនៅពេលនោះ គឺគ្រាន់តែចង់ឱ្យពលរដ្ឋចេះប្រុងប្រយ័ត្នអំពីទំនិញអាហារគ្មានគុណភាពប៉ុណ្ណោះ ម្យ៉ាងទៀត កម្ពុជា ក៏មានឧបករណ៍ទំនើបៗដើម្បីចាំត្រួតពិនិត្យចំណីអាហារនៅតាមផ្សានិងច្រកព្រំដែន មិនចាញ់ឧបករណ៍ទំនើបក្នុងប្រទេសជឿនលឿនឡើយ។

ខាងកាំកុងត្រូលក៏បន្ថែមថា ការលើកឡើងកន្លងមកនៅតាមបណ្ដាញសង្គមថាមានអង្ករប្លាស្ទិក យាហ៊ឺកៅស៊ូ ទឹកស៊ុបគីមី ប្រេងឆាគីមីជាដើម ក៏ជារឿងប្រឌិត ដែលក្រុមអ្នកមាននិន្នាការប្រឆាំងរដ្ឋាភិបាលរៀបចំឡើងប៉ុណ្ណោះ៕