
ស្នងការនគរបាលរាជធានីភ្នំពេញបានទទួលស្គាល់ថា លោកមន្រ្តីស័ក្ដិបួនឈ្មោះ ហាក់ លី មានតួនាទីនាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិតជាបានប្រើអំពើហិង្សាលើស្រ្ដីឈ្មោះ ឡោ សារុំ ស្ថិតនៅហាងខារ៉ាអូខេមួយឈ្មោះ ជំនោរមករា ស្ថិតភូមិ កំពង់ពពិល ឃុំ កំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីវេលាម៉ោង១២ឈានចូលថ្ងៃទី១៣កុម្ភៈនេះមែន។
ស្នងបានបង្ហោះនៅលើហ្វេសប៊ុកថា«សូមធ្វើការបកស្រាយបំភ្លឺជូនមហាជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ហាក់ លី ពិតជាបានបង្កអំបើហិង្សាទៅលើនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង។ ពេលនេះលោក ហាក់ លី ត្រូវបានតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន ម្យ៉ាងវិញទៀតស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះអជ្ញារខេត្តព្រៃវែងជាមុនសិន»។
ការលើកឡើងពីស្នងការនេះ បន្ទាប់ពីមានម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ម៉េង ឆានន់ ដែលអះអាងថាជាកូនរបស់ស្រ្ដីរងគ្រោះបានសរសេររៀបរាប់នៅក្នុងហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី ដើម្បីឱ្យជួយរកយុត្តិធម៌ថា បុគ្គលឈ្មោះ ហាក់ លី ហៅ ពៅ បានវាយម្តាយរបស់ខ្លួន ដោយបានអួតអាងថាខ្លួនជាប៉ូលីសក្រសួងមហាផ្ទៃ។
ម្ចាស់ទំព័រហ្វេសប៊ុកដដែលបន្តថា ក្រោយមក នគរបាលឈ្មោះ ហាក់ លី បានបើកដកកាំភ្លើងមកគំរាមរកបាញ់ម្តាយរបស់ខ្លួន ដោយសារមន្រ្តីរូបនេះ ខឹងស្រីៗនៅក្នុងហាងខារ៉ាអូខេ មិនព្រមចេញទៅដេកជាមួយខ្លួន។
មុនមានការឃាត់ខ្លួន មន្រ្តីនគរបាលស្នងការរាជធានីភ្នំពេញរូបនេះ បានព្យាយាមសម្រុះសម្រួលជាមួយនារីរងគ្រោះដើម្បីបញ្ចប់រឿងវិញ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូយល់ឃើញថា ការប្រើអំពើហិង្សាគឺជារឿងខុសច្បាប់ ហើយប្រសិនអ្នកប្រព្រឹត្តមានតួនាទីជាប៉ូលីសឬទាហាន ដែលជាអ្នកអនុវត្តច្បាប់ ហើយទៅប្រើប្រាស់អំពើហិង្សាទៀត តាមច្បាប់គឺកាន់តែមានស្ថានទម្ងន់ទោសបន្ថែមទៀត។
លោកថា៖«មន្ត្រីអនុវត្តច្បាប់ ត្រូវដើរតួជាគំរូ ចំពោះគាំទ្រ ការសហការ ចំពោះចំណាត់ការអនុវត្តច្បាប់ ចំពោះអ្នកដែលប្រើប្រាស់អំពើហិង្សាហ្នឹង ព្រោះអ្នកអនុវត្តច្បាប់ត្រូវដើរតួគំរូមុនគេ»។
លោកគាំទ្រចំពោះចំណាត់ការចុងក្រោយទៅលើមន្ត្រីបប៉ូលីសណាដែលប្រើប្រាស់អំពើហិង្សា ទៅតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ ហើយនឹងធ្វើជាគំរូ។
លោកបន្ថែមថា៖«ការប្រព្រឹត្តបែបនេះ ជាការបន្សុលទុកនូវវប្បធម៌នៃការអាងខ្សែ អាងស័ក្តិ អាងពូជពីមុនមក អាហ្នឹងធ្វើឲ្យការប្រព្រឹត្តហ្នឹង អាងតែខ្លួនមានអំណាច ហើយគំរាមគំហែង ឬបង្កអំពើហិង្សាទៅលើគេអានេះជាវប្បធម៌មួយ។ ប៉ន្តែឥឡួវបរិបទថ្មី យើងឃើញថាបទបញ្ចារបស់ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការហ្នឹង គឺបញ្ជាដាច់ខាតហើយ មន្ត្រីប៉ូលីសទាំងឡាយណាដែលប្រព្រឹត្តិខុសច្បាប់ ឬក៏ប្រព្រឹត្តិអំពើហិង្សាត្រូវចាត់វិធានការតាមច្បាប់ហើយ អាហ្នឹងជាគំរូមួយឲ្យមន្ត្រីផ្សេងទៀតត្រូវតែអនុវត្តច្បាប់ឲ្យបានតឹងរឹង»៕