ភ្នំពេញ៖ ផលិតផលទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១០.៤ គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញ និងដកហូត នៅកន្លែងតាំងពិព័រណ៍លក់ ក្នុងក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី១៧ មករា។

បើតាមអគ្គនាយកដ្ឋានកាំកុងត្រូល មន្ត្រីជំនាញនិងអាជ្ញាធរ បានរឹបអូសផលិតផលនំពោតបានចំនួន ៥គីឡូក្រាម និង ដំណាប់ទុរេនបានចំនួន ៥.៤ គីឡូក្រាម។ មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅដុតកម្ទេចចោល។

ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានណែនាំដល់អាជីវករ ឱ្យអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕