ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហូតទង់ជាតិ​របស់ខ្លួនមកនៅត្រឹមពាក់កណ្តាលដង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃលិចថ្ងៃទី១៣មករាស្អែក ដើម្បីជាការគោរពដល់លោក Brian D. Sicknick និងលោក Howard Liebengood ដែលបានបំពេញការងារ និងធ្វើការពលី ​ក្នុងនាមជាមន្រ្តីនគរបាល​នៅវិមានរដ្ឋសភាសហរដ្ឋអាមេរិក។

ស្ថានទូតអាមេរិកបានអះអាងថា ប៉ូលីសទាំង២នេះ បានការពារយ៉ាងក្លាហាន​លទ្ធិប្រជាធិបតេយ្យ និងស្ថាប័ន​របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងភាពគ្មានច្បាប់ និងគ្មានសណ្តាប់ធ្នាប់។ កាលពីថ្ងៃពុធសប្ដាហ៍មុន វិមានរដ្ឋសភាអាមេរិក ត្រូវបានអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រុកចូលនិងវាយបំផ្លាញទ្រព្យសម្បត្តិ និងលួចយករបស់ប្រើប្រាស់មួយចំនួននៅក្នុងសភានេះ។



ហេតុការណ៍នេះ បានធ្វើឱ្យគណបក្សប្រជាធិបតេយ្យអាមេរិក កំពុងព្យាយាមដកលោក ត្រាំ ចេញពីតំណែនប្រធានាធិបតី ដោយចោទពីបទញុះញង់ឱ្យមានអំពើប៉ះបោរ ខណៈអ្នកគាំទ្ររបស់លោកជាច្រើននាក់ ត្រូវបានចាប់ខ្លួន និងស្លាប់ក្នុងហេតុការប៉ះទង្គិចគ្នានៅក្នុងវិមានរដ្ឋសភា។

ស្ថានទូតសហរដ្ឋអាមេរិកបានលើកឡើងថា លទ្ធិប្រជាធិបតេយ្យ​របស់អាមេរិក បានឆ្លងកាត់នូវពិសោធន៍ក្នុងពេលកន្លងមក និងទៅអនាគត ក្នុងពេលដែលខ្លួនកំពុងខិតខំធ្វើឲ្យមានភាពល្អប្រសើរសម្រាប់ប្រទេសខ្លួន ហើយអ្វីដែលយើង​ឆ្លងកាត់មកនេះ គួរតែមិនធ្វើឲ្យនរណាម្នាក់ រួមទាំងសម្ព័ន្ធមិត្ត ទាំងមិត្ត ឬទាំងសត្រូវ មានការ​សង្ស័យលើភាពខ្លាំង​នៃស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេស ឬប្រជាជន​របស់អាមេរិកឡើយ៕