ទឹកធ្លាក់អូរជាំ ក្លាយជាគោលដៅទេសចរទាក់ទាញ ហើយត្រូវបានភ្ញៀវទេសចរហៅថា «វិមានទេសចរណ៍ធម្មជាតិ» ស្ថិតក្នុងឃុំ កំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

សហគមន៍ទឹកធ្លាក់អូរជាំ មានចម្ងាយប្រមាណ១០០ គីឡូពីទីរួមខេត្ត បាតដំបង ហើយទឹកធ្លាក់ដ៏វែងអន្លាយនេះបានផ្ដល់នូវទេសភាពត្រជាក់ភ្នែក ជាមួយ វិមានរុក្ខគិរីបៃតងដ៏ស្រស់ត្រកាល។

បើតាម រដ្ឋបាលខេត្ត បាត់ដំបង ឲ្យដឹងថា ទឹកធ្លាក់អូរជាំ មានកម្ពស់ ៣០ម៉ែត្រ ហ៊ុំព័ទ្ធដោយផ្ទាំងថ្មធំៗ និងមានត្រពាំងមួយដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ។ ផ្លូវឡើងទៅកាន់រមណីយដ្ឋានមានលក្ខណៈពិសេស ដូចជា មានព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្មនិងទឹកធ្លាក់ជាបណ្តាក់ៗចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំ។



លោក គឹម សុង ប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ លើកឡើងថា នៅឆ្នាំ២០០៨ ប្រជាពលរដ្ឋនៅ ឃុំកំពង់ល្ពៅបានបង្កើតជាសហគមន៍ការពារព្រៃឈើមួយ ក្រោមចំណុះក្រសួងបរិស្ថាន។ ដោយមើលឃើញពីសក្ដានុពលអេកូទេសចរណ៍នៅក្នុងតំបន់ និងទទួលបានការជួយជ្រោមជ្រែងពីក្រសួង និងមន្ទីរទេសចរណ៍ខេត្តផងនោះ ទើបនៅឆ្នាំ២០១៦ សហគមន៍ក៏បានបញ្ចូលបន្ថែមនូវសេវាកម្មទេសចរណ៍រហូតដល់ពេលបច្ចុប្បន្ន។

 លោក បន្តថា ក្រៅពីទស្សនាទឹកធ្លាក់នៅក្នុងព្រៃសហគមន៍ ភ្ញៀវទេសចរក៏អាចដើរទស្សនាក្នុងព្រៃ ឬបោះតង់កម្សាន្តនៅពេលរាត្រីបានដែរ ដោយសហគមន៍នឹងមានទទួលរៀបចំបានគ្រប់ពេល។ ក្រៅពីនេះ ភ្ញៀវទេសចរអាចដើរទស្សនាចម្ការដំណាំ និងភ្លក្សផ្លែឈើរបស់ប្រជាពលរដ្ឋ ហើយមានសេវាកម្មផ្ទះស្នាក់ និងសេវាកម្មម្ហូបអាហារផងដែរ៕