Photo: Bangkok Post

កម្រិតទឹកនៅក្នុងទន្លេមេគង្គនៅពេលនេះ បានឈានដល់ចំណុចគួរឱ្យព្រួយបារម្ភ។ ធម្មតាទឹកទន្លេមេគង្គមានពណ៌ត្នោត ប៉ុន្តែពេលនេះបែរជាប្រែពណ៍ដូចពណ៌ទឹកសមុទ្រ ទៅវិញ ហើយកន្លែងខ្លះបានរីងស្ងួតរហូតឃើញដីខ្សាច់លេចឡើង និងមានប្រវែងជា​ច្រើន​គីឡូម៉ែត្រ។

លោក Arthit Panasoon ប្រធានក្រុមអ្នកអភិរក្សមួយនៅខាងភាគជើងខេត្ត Nakhon Phanom ប្រទេសថៃបាននិយាយថា ការផ្លាស់ប្ដូរនៃពណ៌ទឹកដ៏កម្រដែលមើល​ទៅ​គួរ​ឱ្យទាក់ទាញនេះ ប៉ុន្តែវាគឺជាសញ្ញាជួបវិបត្តិ គឺទឹកទន្លេមេគង្គកំពុងតែរីងស្ងួត។

គាត់ពន្យល់ថា នៅក្នុងតំបន់របស់លោក គឺទឹកទន្លេមេគង្គមានជំរៅមធ្យមប្រហែល​មួយ​ម៉ែត្រ ដែលជាកំរិតទាបបំផុតក្នុងរយៈពេលជាង៥០ឆ្នាំ។ លោកបន្តថា ដោយសារតែ​ទឹក​រាក់ពេក គឺទន្លេមេគង្គបានហូរយឺតៗ ហើយបានបណ្តាលឱ្យដីល្បាប់ចាប់ផ្តើមលេច​ឡើង​ពីបាតទន្លេ ហើយបានធ្វើឱ្យទឹកមានពណ៌ខៀវដូចពណ៌ទឹកសមុទ្រ។

លោកArthit បានគូសបញ្ជាក់ថា រដូវក្ដៅបានចាប់ផ្ដើមហើយ ហើយវានឹង​មាន​រយៈ​ពេល៦ខែ មុននឹងរដូវភ្លៀងត្រឡប់មកវិញ ប៉ុន្តែទឹកទន្លេមេគង្គបានចាប់ផ្ដើមរីងស្ងួត​ហើយដែរ ដោយសារតែមានវារីអគ្គិសនីជាច្រើននៅក្នុងប្រទេសចិននិងប្រទេសឡាវ និងដោយសារបញ្ហាប្រែប្រួលអាកាសធាតុ។

លោកបន្ថែមថា គ្រោះរាំងស្ងួតនៅពេលនេះ កំពុងបង្កបញ្ហាសម្រាប់អាជីវកម្មក្នុងស្រុក​និង​កសិករ​ផងដែរ។ កប៉ាល់ទេសចរណ៍មេគង្គត្រូវតែផ្អាកប្រតិបត្តិការចាប់តាំង​ពីថ្ងៃទី​២៨ ខែវិច្ឆិកា ដោយសារវាមិនអាចធ្វើដំណើរតាមដងទន្លេបានខណៈ​ដែលទឹកនៅ​ទាប​ពេក ហើយកសិករដែលធ្លាប់ដងទឹកពីដងទន្លេ ត្រូវពង្រីកបំពង់ទុយោទឹកបន្ថែមទៀត​ដើម្បីអាចបូមទឹកមកស្រោចស្រពដំណាំបាន៕

ប្រភព៖ The Thaiger