ដំណាំស្រូវចំនូន ១០០ ៧៩៩ ហិកតា ឬស្មើនឹង ៣,៦ ភាគរាយ នៃផ្ទៃដីដាំដុះសរុប ត្រូវបានខូចខាតដោយសារគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ទឹកភ្លៀង និងទន្លេមេគង្គ នៅឆ្នាំ ២០១៨ នេះ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម កាលពីថ្ងៃពេលថ្មីៗនេះ ក្នុងចំណោមដំណាំស្រូវទាំងជាង ១ សែនហិចតា ដែលរងការខូចខាតនោះ មាន ៣៥២១៣ ហិកតា ខូចដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ប្រមាណ ៦៥ ៥៨៦ ហិកតា ។

ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីណែនាំ ស្ដីពី វិធានការការពារ និងរក្សាទឹកទុក សម្រាប់ការងារបង្កបង្កើនផលស្រូវ នាចុងរដូវវស្សា និងរដូវប្រាំង ព្រមទាំងទប់ស្កាត់ការបាត់បង់បរិមាណ និងគុណភាពស្រូវរដូវវស្សាឆ្នាំ២០១៨ ក្នុងពេល និងក្រោយពេលប្រមូលផល។ 

សេចក្ដីណែនាំដដែលនោះ ក៏បានប្រាប់ ដល់គ្រប់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម និងមន្ទីរកសិកម្ម រាជធានី-ខេត្ត ត្រូវសហការឲ្យបានល្អ ជាមួយរដ្ឋបាលរាជធានី-ខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងកសិករម្ចាស់ម៉ាស៊ីន កិនស្រូវ និងអ្នកទិញលក់ស្រូវអង្ករ ចាត់វិធានការជាបន្ទាន់តាមខ្លឹមសារណែនាំសំដៅធានាបាននូវសន្ដិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការបង្កើនសន្ទុះ នៃការនាំចេញអង្ករ និងការពន្លឿនកំណើនសេដ្ឋកិច្ចជាតិ។