ទីភ្នាក់ងារទេសចរណ៍ដ៏ល្បីរបស់ប្រទេសអូស្រ្ដាលីឈ្មោះ Wendy Wu Tours បានសុំទោសប្រទេសកម្ពុជា ដែលបានធ្វើឱ្យយល់ច្រលំថា ប្រាសាទអង្គរថាស្ថិតនៅក្នុងប្រទេស​វៀត​ណាម​។​

ទីភ្នាក់ងារនេះ បានយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យ VIETNAM ​​មកដាក់ថា អង្គរវត្តស្ថិតនៅ SOUTHEAST ASIA វិញ។ការកែប្រែនេះ បន្ទាប់​ពី​ក្រសួងទេសចរណ៍កម្ពុជាកាលពីយប់ថ្ងៃទី២១កញ្ញានេះ បានស្នើឱ្យទីភ្នាក់ងារទេសចរណ៍នេះ​​ កែសម្រួលកំហុសឆ្គងនៅលើគេហទំព័ររបស់ខ្លួនវិញជាបន្ទាន់។​

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួង​ទេសចរណ៍បានបញ្ជាក់នៅថ្ងៃទី២២ មូលហេតុដែលទីភ្នាក់ងារ Wendy Wu Tours មិនប្ដូរមកជា CAMBODIA វិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរ​វត្តរបស់កម្ពុជា» ជានិម្មិតរូបតំណាងឱ្យតំបន់អាស៉ីអាគ្នេយ៍លើនៅគេហទំព័ររបស់ខ្លួន ពី​ព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិភណ្ឌដែលពិភពលោកស្គាល់ច្រើនជាងគេ។



ប៉ុន្តែលោកថា ថ្វីត្បិតទីភ្នាក់ងារ Wendy Wu Tours បានកែសម្រួលនៅលើទំព័រមុខនៃគេហ​ទំព័រ​របស់ខ្លួនរួចហើយក្ដី ប៉ុន្តែនៅមានមួយកន្លែងទៀតដែលក្រុមហ៊ុនមិនទាន់បាន​កែសម្រួលអស់ គឺនៅពេលចូលទៅក្នុងផ្ទាំង Brochures គេនៅឃើញមានរូបប្រាសាទអង្គរ​វត្តដែលដាក់ពាក្យ VIETNAM នៅពីលើនៅឡើយ។

ត្រង់ចំណុចនេះ ក្រសួងទេសចរណ៍ ក៏នឹងទាក់ទងទៅកាន់ក្រុមហ៊ុនបន្តទៀត ដើម្បី​ឱ្យ​កែ​សម្រួល​ឱ្យបានគ្រប់ជ្រុងជ្រោយ។Wendy Wu Tours ជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយរបស់​ប្រទេសអូស្ត្រាលី ដែលបាននាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជា ជា​ញឹក​ញាប់។ថ្មីៗនេះ គេហទំព័ររបស់ទីភ្នាក់ងារទេសចរណ៍មួយនេះ បានបង្ហោះរូបភាពស្ដីពីតំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តដ៏ស្រស់ឆើតឆាយរបស់កម្ពុជាផងដែរ។

ប៉ុន្តែគេហទំព័រនេះបានបង្កើតនូវកំហុសឆ្គង គឺនៅត្រង់នៅផ្នែកខាងលើនៃរូបភាពប្រាសាទ​អង្គរវត្ត គេបានសរសេរពាក្យថា «VIETNAM» ជាហេតុនាំឱ្យមានការយល់ច្រឡំ​ថា ​ប្រាសាទអង្គរវត្ត ស្ថិតនៅប្រទេសវៀតណាម។កំហុសឆ្គងរបស់ក្រុមហ៊ុនទេសចរណ៍អូស្ត្រាលី​មួយនេះ នាំឱ្យមានការរិះគន់យ៉ាងខ្លាំងសម្បើមពីសំណាក់ប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិមួយចំនួន ដែលគេបានដឹងច្បាស់អំពីទីតាំងប្រាសាទអង្គរវត្តរបស់កម្ពុជា៕