គិតត្រឹមថ្ងៃទី២២កុម្ភៈនេះ អាជ្ញាធរបានប្រកាសបិទទីតាំងចំនួន២៨ជាបណ្ដោះអាសន្នស្ថិតនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាល ដោយសារជាប់ពាក់ព័ន្ធនឹងការផ្ទុះឡើងកូវីដក្នុងសហគមន៍២០កុម្ភៈនេះ ក្នុងនោះមានសាលារៀនរដ្ឋនិងឯកជនចំនួន៧នាក់ ទាំងក្លឹបកម្សាន្ត សណ្ឋានគារ អាគារស្នាក់នៅឬApartment និងស្កាយបារជាដើម។

នៅខេត្តកណ្ដាលមានគ្រឹះស្ថានសិក្សាចំនួន៣ទីតាំងត្រូវបានបិទ ដូចជាអនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ស្រុកស្អាង និងអនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ។ ដោយឡែករាជធានីភ្នំពេញមាន៤ទីតាំង រួមមានសាលាបឋមសិក្សា​កូលាប​ទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ និងវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មីសាលាអន្តរជាតិ អេស អាយ អេស សាខាឡាក់គីស្តារ រាជធានីភ្នំពេញ ។



ចំពោះគ្រឹះស្ថានសិក្សាទាំងនោះក្រសួងអប់រំតម្រូវឲ្យបន្តដំណើរការបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ ត្រូវបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ ត្រូវទំនាក់ទំនងទៅសេវាសុខាភិបាល។

គូរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ២២ កុម្ភះនេះ ចំនួនអ្នកវិជ្ជមានមេរោគកូវីដ១៩ នៅក្នុងព្រឹត្តការណ៍ ២០ កុម្ភៈ កើនឡើងដល់ ៧៦ នាក់ ដែលភាគច្រើនជាជនជាតិចិន ក្នុងស្រី៣៩នាក់ និងប្រុស ៣៧នាក់ ដែលធ្វើឲ្យកម្ពុជាមានអ្នកឆ្លងមេរោគកូវីដ១៩ សរុបនៅក្នុងប្រទេសកើនឡើងដល់ ៥៦៨ ករណី ព្យាបាលជាសេះស្បើយចំនួន៤៧៥នាក់គិតត្រឹមថ្ងៃនេះ៕