នាយកដ្ឋានធនធានធម្មជាតិនិងបរិស្ថានវៀតណាមបានប្រកាសថា គុណភាពខ្យល់នៅទីក្រុងហាណូយ បានធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់នៅសប្តាហ៍ដំបូងនៃឆ្នាំ២០២១នេះ ជាពិសេសនៅតាមតំបន់ប្រជុំជនខ្លាំងក្នុងទីក្រុង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌​មាន​វៀតណាម Viet Nam News នៅថ្ងៃទី៨មករានេះ។

ទោះយ៉ាងណាចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ គុណភាពខ្យល់នៅទីក្រុងហាណូយ បានធ្លាក់ចុះយ៉ាងខ្លាំងទីតាំងមួយចំនួន រួមនៅមន្ទីរការពារបរិស្ថាន គណៈកម្មាធិការប្រជា​ជន និងនៅទីតាំងស្ថានទូតបារាំងជាដើម។

សារព័ត៌មានវៀតណាមបញ្ជាក់ថា ការសាងសង់សំណង់ និងផលិតកម្មឧស្សាហកម្មនៅក្នុងទីក្រុងនិងបណ្ដាខេត្តនៅជាប់ទីក្រុង ការកើនឡើងនៃសកម្មភាពចរាចរណ៍បន្ទាប់ពីថ្ងៃ​ឈប់​សម្រាកចូលឆ្នាំថ្មីសាកល ការជាប់គាំងសំរាម ការដុតសំរាម ការពន្លឿនផលិតកម្មនៅចុងឆ្នាំដើម្បីផ្គត់ផ្គង់ទំនិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមខាងមុខនេះ គឺសុទ្ធតែជាកត្តានាំឱ្យមានការសាយភាពខ្យល់ពុលពេលនេះ។

មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមនិងជលសាស្រ្ដជាតិវៀតណាមបានលើកឡើងថា ចាប់ពីខែមករាដល់ខែមីនាឆ្នាំ២០២១ ស្ថានភាពអាកាសធាតុឧតុនិយមមិនល្អ នឹងកើតឡើង ដែលធ្វើឱ្យធ្លាក់គុណភាពខ្យល់និងធ្វើប៉ះពាល់ដល់សុខភាពមនុស្ស។



អាជ្ញាធរទីក្រុងហាណូយនឹងហាមឃាត់ការដុតធ្យូងក្នុងចង្ក្រានជាប្រពៃណី និងការដុតចំបើងនិងសំណល់ដំណាំក្រោយពេលប្រមូលផលរួច។

អ្នកជំនាញផ្នែកបរិស្ថានណែនាំឱ្យប្រជាជនបិទបង្អួចនិងទ្វារនៅពេលនគុណភាពខ្យល់មិនល្អ ជាពិសេសក្រុមគ្រួសារនៅក្បែរផ្លូវថ្នល់និងតំបន់ដែលត្រូវបំពុលខ្លាំង និងដាំដើម​ឈើនៅជុំវិញផ្ទះ ដើម្បីជួយការពារធូលីនិងសម្អាតខ្យល់។

ចំណែកស្ថានទូតខ្មែរប្រចាំវៀតណាម ក៏បានប្រាប់ឲ្យពលរដ្ឋខ្មែរដែលរស់នៅទីក្រុងហាណូយឲ្យប្រុងប្រ័យត្នស្ថានភាពខ្យល់ពុលដែលនឹងកើតមានឡើងនៅខែមករាដល់មីនានេះ។

ស្ថានទូតបញ្ជាក់ថា អាជ្ញាធរវៀតណាមបានអំពាវនាវ មិនឱ្យត្រូវចេញក្រៅហាត់ប្រាណ ឬលេងកីឡានៅពេលព្រឹកនឹងពេលល្ងាច ដែលជាពេលអាកាសធាតុពុលខ្លាំងបំផុត ពិសេសមនុស្សចាស់ និងកូនក្មេង ហើយសាលាមិនគួរមានសកម្មភាពក្រៅថ្នាក់នោះទេ។ ស្ថានទូតក៏បានអំពាវនាវឲ្យនិស្សិត សិក្ខាកាមយោធា នគរបាល និងពលរដ្ឋខ្មែរដែលកំពុងរស់នៅទីក្រុងហាណូយ  ត្រូវយកចិត្តទុកដាក់ការពារជំងឺកូវីដស្របពេលអាកាសធាតុចុះត្រជាក់ និងគុណភាពខ្សល់មិនល្អដោយត្រូវរក្សាការពារប្រព័ន្ធដង្ហើមឲ្យបានល្អ៕