ជាការពិត ក្រលៀនគឺជាសរីរាង្គដ៏អស្ចារ្យមួយនៅក្នុងរាងកាយ ព្រោះវាមានការងារដ៏សំខាន់ ក្នុងការជួយបញ្ចេញជាតិពុលនិងជាតិទឹកដែលមានលើសលប់នៅក្នុងឈាម។ក្រលៀន ក៏ជួយគ្រប់គ្រងប្រព័ន្ធសម្ពាធឈាម បង្កើតកោសិកាឈាមក្រហម និងជួយថែរក្សាឆ្អឹងឱ្យមានសុខភាពល្អ។

លើសពីនេះ ក្រលៀនជួយគ្រប់គ្រងកម្រិតជាតិរ៉ែ ជាតិម៉ូលេគុល ជាតិសូដ្យូម និងប៉ូតាស្យូម នៅតាមសរសៃឈាម និងជួយគ្រប់គ្រងជាតិអាស៊ីតនៅក្នុងឈាម។ជារៀងរាល់ថ្ងៃ ក្រលៀនតែងធ្វើការងារដ៏ប្រុងប្រយ័ត្នបំផុត ក្នុងការគ្រប់គ្រងជាតិអំបិល និងជាតិទឹកនៅក្នុងរាងកាយ ដើម្បីធ្វើយ៉ាងណាឱ្យសម្ពាធឈាមមានលក្ខណៈធម្មតា។

ប៉ុន្តែជួនកាល ក្រលៀនលោកអ្នកកំពុងជួបគ្រោះថ្នាក់ឬខូចដោយមិនដឹងខ្លួន ដោយសារទម្លាប់អាក្រក់មួយចំនួន ហើយនៅពេលរកឃើញការពិត អាចយឺតពេលណាស់ទៅហើយ។ ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ទាំង១៤ដែលអាចធ្វើឱ្យខូចក្រលៀន។

ទី១ ទម្លាប់ផឹកប្រភេទភេសជ្ជៈដែលផ្ទុះជាតិស្ករច្រើនពេក

  • ការសិក្សាមួយដោយសាកលវិទ្យាល័យ អូសាកា ប្រទេសជប៉ុន បានរកឃើញថា ការផឹកគ្រឿងភេសជ្ជៈផ្ទុកជាតិស្ករច្រើនពេកចាប់ពី២កំប៉ុងឡើងទៅនៅក្នុងមួយថ្ងៃ គឺអាចប្រឈមខ្ពស់ទៅនឹងជំងឺខូចក្រលៀន។ ការអះអាងនេះ បន្ទាប់ពីសិក្សាទៅលើមនុស្សចំនួន១ម៉ឺន២ពាន់នាក់ ដែលបានផឹកគ្រឿងភេសជ្ជៈផ្ទុកជាតិស្ករខ្ពស់ ហើយបានរកឃើញថា ពួកគេបានប្រឈមខ្ពស់កើតមានជាតិប្រូតេអ៊ីននៅក្នុងទឹកនោម(proteinuria)។ ប្រូតេអ៊ីនមាននៅក្នុងទឹកនោម គឺជាសញ្ញាដំបូងមួយដែលប្រាប់អំពីការខូចក្រលៀន ប៉ុន្តែដំណាក់កាលបែបនេះ គឺអាចព្យាបាលសះស្បើយវិញទាន់ពេល។

ទី២ ទម្លាប់ជក់បារី

  • ការជក់បារី បានធ្វើឱ្យសរសៃឈាមកាន់តែរួមតូច ហើយការរួមកាន់តែតូចនៃសរសៃឈាម ប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ឈាមទៅដល់សរីរាង្គសំខាន់ៗនៅក្នុងរាងកាយ រួមទាំងក្រលៀនផងដែរ។ ការសិក្សាមួយបានរកឃើញថា ការជក់បារី២ដើមក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ដើម្បីបង្កើតឱ្យមានកោសិកា Endothelial កើនឡើងទ្វេដងនៅក្នុងឈាម ហើយដែលជាសញ្ញាមួយប្រាប់ថា សរសៃឈាមបានរកការបំផ្លាញ។

ទី៣ ទម្លាប់នៃការបរិភោគខ្វះវីតាមីនB6

  • សាកលវិទ្យាល័យ Maryland នៅសហរដ្ឋអាមេរិក បានរកឃើញតាមរយៈការសិក្សារបស់ខ្លួនថា កង្វះវីតាមីនB6 គឺជាការប្រឈមហានិភ័យខ្ពស់កើតមានថ្មឬគ្រួសក្នុងក្រលៀន ដែលជាមូលហេតុធ្វើឱ្យទឹកនោមស្ទះមិនអាចហូរឆ្លងកាត់ឬចេញពីក្រលៀន។ ការសិក្សានេះ បានណែនាំឱ្យបរិភោគយ៉ាងហោចណាស់ឱ្យបានវីតាមីន B6 ចំនួន ១.៣ មីលីក្រាមជារៀងរាល់ ហើយអាហារដែលសម្បូរវីតាមីនច្រើនបំផុត គឺមាននៅក្នុងសាច់ត្រី ថ្លើមគោ ដំឡូងបារាំង និងប្រភេទបន្លែ ដូចជា ការ៉ូត ពោត និងផ្លែល្ពៅជាដើម រួមទាំងផ្លៃឈើដែលគ្មានជាតិជូរ។

ទី៤ ទម្លាប់មិនចូលចិត្តហាត់ប្រាណ

  • ការសិក្សាដ៏ធំមួយដែលបានធ្វើឡើងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៣ បានឃើញថា ស្រ្ដីដែលបានចាប់ផ្ដើមឈប់ធ្លាក់រដូវហើយបានហាត់ប្រាណ គឺការប្រឈមកើតមានគ្រួសក្នុងក្រលៀនរបស់ពួកគេ បានថយចុះចំនួន៣១%។

ទី៥ កង្វះជាតិម៉ាញេស្យូម

  • ការបរិភោគអាហារដែលគ្មានជាតិម៉ាញេស្យូមគ្រប់គ្រាន់ នឹងអាចបង្កឱ្យជាតិកាល់ស្យូមកើនឡើងលើសលប់ និងបង្កើតឱ្យមានគ្រួសក្នុងក្រលៀន។ ដើម្បីការពារកុំឱ្យខ្វះជាតិម៉ាញេស្យូម គឺត្រូវបរិភោគបន្លែមានស្លឹកពណ៌បៃតង និងគ្រាប់សណ្ដែកជាដើម និងជាពិសេស គឺផ្លែបឺរដែលជាប្រភពដ៏ល្អនៃជាតិម៉ាញេស្យូម។

ទី៦ ទម្លាប់នៃការដេកមិនគ្រប់គ្រាន់ស្ទើររៀងរាល់យប់

  • ជាការពិត ការដេកមិនបានស្កប់ស្កល់ហើយតែងកើតឡើងជាញឹកញាប់រហូតក្លាយទៅជាជំងឺរ៉ាំរ៉ៃ ត្រូវបានគេរកឃើញថា អាចបង្កឱ្យជួបគ្រោះថ្នាក់ដល់សុខភាពចំនួន២៣ប្រភេទឯណោះ ហើយក្នុងនោះ ក៏មានផលប៉ះពាល់ទៅដល់ក្រលៀនផងដែរ។

ទី៧ ផឹកទឹកមិនបានគ្រប់គ្រាន់

  • ការសិក្សាតាមបែបវិទ្យាសាស្រ្ដបង្ហាញថា ការផឹកទឹកមិនគ្រប់គ្រាន់ នឹងធ្វើឱ្យជាតិពុលចាប់ផ្ដើមកកកុញនៅក្នុងឈាម ក៏ព្រោះតែខ្វះសារធាតុរាវដើម្បីបង្ហូរជាតិពុលទាំងនោះចេញឆ្លងកាត់តាមក្រលៀន។ ពួកគេអះអាងថា ការផឹកទឹកគ្រប់គ្រាន់ឬយ៉ាងហោចណាស់៨កែវក្នុងមួយ នឹងអាចការពារកើតមានជំងឺក្រលៀនរ៉ាំរ៉ៃ។

ទី៨ ទម្លាប់ពន្យាពេលទៅបត់ជើងតូច(ឈឺនោម)

  • ការរក្សាទឹកនោមទុកក្នុងប្លោក ដើម្បីពន្យាពេលការបត់ជើងតូច គឺជាគំនិតដ៏អាក្រក់មួយ។ ទម្លាប់បែបនេះ គឺជាការប្រឈមគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ ព្រោះអាចកើតជំងឺឆ្លងនៅបំពង់បង្ហូរនោម ហើយអាចឈានទៅរកកើតជំងឺឆ្លងនៅក្រលៀន។

ទី៩ បរិភោគអំបិលច្រើនហួសកម្រិត

  • អំបិលគឺមានសារសំខាន់សម្រាប់រាងកាយ ប៉ុន្តែប្រសិនបើបរិភោគច្រើនលើសកម្រិត នោះអាចនាំឱ្យលោកអ្នកមានសម្ពាធឈាមឡើងខ្ពស់ និងធ្វើឱ្យក្រលៀនស្ថិតក្នុងសម្ពាធកាន់តែគ្រោះថ្នាក់។ ការបរិភោគសូដ្យូមឬអំបិលច្រើនពេក ក៏ត្រូវបានអ្នកវិទ្យាសាស្រ្ដរកឃើញថា អាចប្រឈមហានិភ័យខ្ពស់កើតមានជំងឺក្រលៀនរ៉ាំរ៉ៃ សម្រាប់មនុស្សកំពុងកើតជំងឺលើសឈាមស្រាប់។ សមាគមសុខភាពសហរដ្ឋអាមេរិកបានណែនាំថា ដើម្បីកុំឱ្យកើតជំងឺនានា រួមទាំងជំងឺក្រលៀនជាដើម គឺក្នុងមួយថ្ងៃត្រូវបរិភោគអំបិលកុំឱ្យលើសចំនួន២,៣០០មីលីក្រាម ឬស្មើរប្រហែលមួយស្លាបព្រាកាហ្វេប៉ុណ្ណោះ។

ទី១០ ផឹកកាហ្វេមិនបានគ្រប់គ្រាន់

  • បើទោះជាទម្លាប់នៃការផឹកកាហ្វេ គឺជារឿងមិនល្អក្ដី ប៉ុន្តែការផឹកកាហ្វេ អាចជួយការពារក្រលៀនបាន។ អ្នកវិទ្យាសាស្រ្ដរកឃើញថា ការផឹកកាហ្វេអាចទប់ស្កាត់ហានិភ័យកើតមានជំងឺក្រលៀនរ៉ាំរ៉ៃ។ ការសិក្សាមួយទៀតដែលបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏បានរកឃើញស្រដៀងគ្នាថា ស្រ្ដីកូរ៉េម្នាក់ដែលបានផឹកកាហ្វេចំនួន២កែវឬច្រើនជាងនេះជារៀងរាល់ថ្ងៃ បានជួយការពារក្រលៀនរបស់នាង។

ទី១១ ទម្លាប់ចូលចិត្តផឹកថ្នាំពេទ្យមិនបានត្រឹមត្រូវ

  • ទស្សនាវដ្ដីស្ដីឱសថនិងសរីរវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងបានផ្សាយថា ការប្រើប្រាស់ថ្នាំពេទ្យមិនបានត្រឹមត្រូវ ឬក្នុងបរិមាណច្រើនជ្រុលមិនសមហេតុផល គឺអាចបង្កឱ្យមានជាតិពុលទៅដល់សរីរាង្គនៅក្នុងប្រព័ន្ធនោម។ ទស្សនាវដ្ដីនេះបន្តថា មុនសម្រេចចិត្តទៅទិញថ្នាំពេទ្យផឹក គឺត្រូវពិចារណាឱ្យបានច្បាស់លាស់ ជាពិសេស គឺការប្រើប្រាស់ថ្នាំដើម្បីបំបាត់ការឈឺចាប់។

ទី១២ ការផឹកថ្នាំមិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា

  • ចំពោះអ្នកដែលកើតមានជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម គឺត្រូវតែដឹងអំពីផលប៉ះពាល់របស់ជំងឺទាំងពីរប្រភេទនេះ ដែលពួកវាអាចបង្កផលប៉ះពាល់ទៅដល់ក្រលៀន ហើយត្រូវចេះការពារសរីរាង្គដ៏មានតម្លៃរបស់លោកអ្នក តាមរយៈការបរិភោគអាហារឱ្យបានត្រឹមត្រូវ និងផឹកថ្នាំទៅតាមការណែនាំរបស់វេជ្ជបញ្ជា។

ទី១៣ ទម្លាប់មិនបានព្យាបាលជំងឺឆ្លងឱ្យបានឆាប់រហ័សនិងត្រឹមត្រូវ

  • មនុស្សមួយចំនួនបានព្រងើយកន្ដើយនៅពេលកើតមានផ្ដាសាយនិងគ្រុនក្ដៅ ហើយទុករហូតធ្វើឱ្យរាងកាយអស់កម្លាំងខ្លាំង។ ការសិក្សាមួយបានបង្ហាញថា ជំងឺផ្ដាសាយនិងជំងឺខូចក្រលៀន គឺមានការជាប់ពាក់ព័ន្ធគ្នា។ នៅពេលកើតមានជំងឺឆ្លងផ្ដាសាយ និងគ្រុនក្ដៅ គឺត្រូវតែរកវិធីព្យាបាលឱ្យបានត្រឹមត្រូវ ដូចជា ការផឹកទឹកស្អាតនិងដេកសម្រាកឱ្យបានគ្រប់គ្រាន់ជាដើម។

ទី១៤ ការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក

  • ជាតិពុលក្នុងគ្រឿងស្រវឹង គឺមិនត្រឹមធ្វើឱ្យប៉ះពាល់ថ្លើមនោះទេ ប៉ុន្តែធ្វើឱ្យប៉ះពាល់ក្រលៀនដែរ។ ក្រុមអ្នកស្រាវជ្រាវបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងជ្រុល នឹងធ្វើឱ្យមានការផ្លាស់ប្ដូរមុខងាររបស់ក្រលៀន ហើយធ្វើក្រលៀនបន្ថយសមត្ថភាពដើម្បីបង្ហូរឈាម៕

ប្រភព៖ Healthy and Natural World