នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨  គឺជាខួប២៦ឆ្នាំដែលរមណីយដ្ឋានអង្គរ ត្រូវបានដាក់​បញ្ចូល​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ(១៤ ធ្នូ១៩៩២-១៤  ធ្នូ ២០១៨) ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ឡុងកុសល បានប្រាប់ AKPថា នៅក្នុងរយៈពេល ២៦ឆ្នាំនៃការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយ អង្គការ​យូណេ​ស្កូនេះ​បាន​ជួយធ្វើឱ្យរមណីដ្ឋានអង្គរពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានភាព ល្អប្រសើរ និងមានភាពរឹងមាំ។

លោកបានបន្តថាតាមរយៈយន្ត​ការរបស់គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ហៅ​កាត់​ថា(ICC-Angkor)ដែលមានប្រទេសជប៉ុន និងបារាំងជាសហប្រធានបានកៀរគរថវិកា និងប្រមូលផ្តុំអ្នកជំនាញអន្តរជាតិជុំ វិញពិភពលោក មកស្រាវជ្រាវ ជួសជុលផ្លាស់ប្តូរបទ​ពិសោធន៍ផ្នែក​បច្ចេកទេស​និងបណ្តុះ បណ្តាលធនធានមនុស្សរបស់​អាជ្ញាធរជាតិអប្សរាទាំងក្នុងប្រទេស និងក្រៅប្រទេសបានយ៉ាងច្រើនដែលអាចជួយសង្គ្រោះអង្គរពីមួយឆ្នាំទៅមួយឆ្នាំ ឱ្យកាន់តែមានភាពល្អប្រសើរនិងមានភាពរឹងមាំស្រស់ស្អាតឡើងវិញនៃសំណង់បុរាណដ្ឋានក្នុងរមណីយដ្ឋានអង្គរនាពេលបច្ចុប្បន្ននេះ៕