ប្រទេសថៃបានរាយការណ៍​មានករណីឆ្លងកូវីដ១៩សរុបកើនដល់ ១១ ២៦២ នាក់ ក្នុងនោះមានអ្នកចំនួន ៧ ៦៦០ បានជាសះស្បើយវិញ និងអ្នកកំពុងបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅសល់ចំនួន ៣ ៥៣៣ កំពុងព្យាបាល ខណៈអ្នកស្លាប់បានកើនឡើងដល់ ៦៩ នាក់​។

តួលេខបូកសរុបនេះ ស្របពេលថៃបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ មានអ្នកឆ្លងថ្មីចំនួន​២៧១នាក់ និងអ្នកស្លាប់ចំនួន២នាក់ទៀត។

បើគិតចាប់តាំងពីថ្ងៃទី១៥ខែធ្នូ គឺនៅពេលការឆ្លងរាលដាលក្នុងរលកថ្មីបានចាប់ផ្តើមកើត​ឡើង ដែលមានប្រភពចេញពីផ្សារលក់បង្គាក្នុងខេត្តសាមុតសាខន​ គឺមកដល់ពេលនេះ គឺមានមនុស្សឆ្លងសរុបចំនួន ៧ ០២៥ នាក់ ក្នុងនោះ ៩ នាក់បានស្លាប់។

រដ្ឋាភិបាលថៃបានស្ដីបន្ទោសដល់ការនាំចូលពលករខុសច្បាប់ចូលមកក្នុងប្រទេស ទើបជាមូលហេតុនាំឱ្យមានការឆ្លងក្នុងរលកថ្មីនេះ។



កាលពីថ្ងៃពីពុធម្សិលមិន លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាល្បែងស៊ីសង ស្របពេលល្បែងស៊ីសងខុសច្បាប់ទាំងនោះ កំពុងរួមចំណែកដ៏សំខាន់ធ្វើឱ្យរីករាលដាលក្នុងរយៈពេលចុងក្រោយនេះ ដោយលោកបាននិយាយថា រដ្ឋាភិបាលតែម្នាក់ឯង នឹងមិនអាចទទួលបានជោគ​ជ័យក្នុងការកម្ចាត់សកម្មភាពខុសច្បាប់នោះទេ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«គ្មាននរណាម្នាក់ជោគជ័យតែម្នាក់ឯងបានទេ ហើយទោះ​បីប្រទេសថៃមាននាយករដ្ឋមន្រ្តី ១០០ នាក់ក្នុងពេលតែមួយក៏ដោយ ពួកគេនឹងមិនទទួល​បានជោគជ័យក្នុងរឿងនេះ ដោយគ្មានមនុស្សគ្រប់គ្នាចូលរួមនោះទេ»។  

កូវីដ១៩កំពុងបន្តឆ្លងរាលដាលនៅក្នុងខេត្តក្រុងជិត៦០របស់ប្រទេសថៃ ខណៈមន្រ្តីប្រទេស​ថៃរំពឹងថា ការឆ្លងរាលដាលខ្លាំងបែបនេះ នឹងអាចគ្រប់គ្រងបានវិញនៅក្នុងខែនេះ៕