ក្នុងជំនួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋសភាកម្ពុជា លោកស្រី Hend Subaih B ALSUBAIH រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃប្រទេសគុយវ៉ែត បានជំរាបសម្ដេចហេង សំរិន ថាបេសកកម្មរបស់លោកស្រីនៅពេលនេះ គឺដើម្បីពង្រឹងកិច្ចសការជាមួយក្រសួងការងារ ពាក់ព័ន្ធនឹងការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសគុយវ៉ែត។ នេះបើតាមលោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា។

លោកស្រីក៏បានជំរាបជូនសម្ដេចពញាចក្រីដែរថានៅឆ្នាំ២០១៩ខាងមុខនេះ គុយវ៉ែត នឹងទទួលពលករខ្មែរទំបំពេញការងារចំនួន៥ពាន់នាក់ ដែលអនុវត្តទៅតាមកិច្ចព្រមព្រៀងជាមួយក្រសួងការងារកន្លងមក។ លោកស្រីក៏បានជំរាបសម្ដែងការធានាជូនសម្ដេចហេង សំរិន ដែរថាពលករទាំងនោះ នឹងទទួលបានប្រាក់ខែសមរម្យ និងលក្ខខណ្ឌការងារល្អ ហើយថាគុយវ៉ែតបានតែងតែទទួលបានការកោតសរសើពីបណ្ដាប្រទេសដែលបានបញ្ជូនពលករធ្វើការ។

ជាការឆ្លើយតប សម្ដេចប្រធានរដ្ឋសភា​ បានថ្លែងអំណរគុណរដ្ឋាភិបាលគុយវ៉ែត ដែលបានផ្ដល់កិច្ចសហការទទួលយកពលករខ្មែរទៅបំពេញការងារប្រកបដោយលក្ខណ្ឌសមរម្យ។ បើតាមអ្នកនាំពាក្យ ក្នុងជំនួបនោះ សម្ដេចមានប្រសាសន៍ថាកម្ពុជាមានពលករចេញទៅធ្វើការក្រៅប្រទេសជាង១លាននាក់ នឹងនាំមកនូវចំណូលយ៉ាងច្រើន ដូច្នេះសម្ដេចសូមគាំទ្រចំពោះកិច្ចសហការនេះ៕