ត្រីកញ្ជាក់ស្លា។ រូបភាព៖ Thach Phanara / http://ffish.asia

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលអាចរស់នៅក្នុងតំបន់ទឹកភ្លាវ ក្នុងព្រៃកោងកាងផង (ទឹកសាបលាយទឹកប្រៃ)  និងចូលមករស់នៅក្នុងតំបន់ទឹកសាបដែលមានចរន្តហូរយឺតៗ ឬទឹកនឹង ដូចជានៅតាមទន្លេ អូរ ស្ទឹង និងបឹងទន្លេសាបផងដែរ។


ត្រីកញ្ជាក់ស្លា។ រូបភាព៖ Thach Phanara / http://ffish.asia

ត្រីកញ្ជាក់ស្លា មានឈ្មោះវិទ្យាសាស្ត្រ (Toxotes chatareus) និងឈ្មោះជាភាសាអង់គ្លេស Spotted archerfish។ ត្រីប្រភេទនេះ មានប្រវែងដងខ្លួនអតិបរមា ៤០ ស.ម។ វារកចំណីនៅពេលថ្ងៃ ដូចជាសត្វល្អិត និងរុក្ខជាតិដែលអណ្តែតលើផ្ទៃទឹក ព្រមទាំងកំពឹស និងត្រីតូចៗ ជាអាហារផងដែរ។ ត្រីកញ្ជាក់ស្លា អាចបាញ់ទឹកចេញពីមាត់របស់វា ដើម្បីទម្លាក់សត្វល្អិតដែលទុំនៅលើមែកឈើ ក្នុងចម្ងាយ១៥០សង់ទីម៉ែត្រ ដើម្បីចាប់ជាចំណីបាន។

ត្រីកញ្ជាក់ស្លា ពង-កូនក្នុងទឹកភ្លាវ និងទឹកសាបចាប់ពីខែឧសភា ដល់ខែសីហា ដោយអាចពងបានពី ២០.០០០គ្រាប់ ដល់ ១៥០.០០០គ្រាប់។ ដោយដោយពុំមានព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់ ត្រីកញ្ជាក់ស្លាមិនត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red List ឡើយ។ មិនតែប៉ុណ្ណោះ ត្រីប្រភេទនេះ ក៏ពុំមានព័ត៌មានច្បាស់លាស់អំពីបញ្ហាប្រឈមចំពោះពួកវានៅឡើយដែរ។

ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត និងការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ វាជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ជីវិតមច្ឆជាតិទូទៅ។ ទៅថ្ងៃអនាគត ត្រីមួយចំនួនធំនៅក្នុងប្រទេសកម្ពុជា នឹងបាត់រូបរាង សល់តែឈ្មោះសម្រាប់ក្មេងជំនាន់ក្រោយហៅប៉ុណ្ណោះ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិទាំងអស់គ្នានោះទេ។

ដោយ៖ ឈុត ឈាណា / USAID Wonders of the Mekong