លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិ(Birdlife)ប្រចាំប្រទេសកម្ពុជាពន្យល់ថា តំបន់រ៉ាមសារ គឺជាតំបន់ដីសើមដែលអន្តរជាតិទទួលស្គាល់ថាមានសារៈជាលក្ខណៈសំខាន់អន្តរជាតិ ដោយសារតំបន់ទាំងនេះកំពុងមានសត្វស្លាបដែលរងការផុតពូជកំពុងរស់នៅ និងតម្រូវឱ្យមានការអភិរក្ស។

ប៉ុន្តែលោកថា តំបន់អភិរក្សទាំងនេះ កំពុងត្រូវរងការគំរាមគំហែងជាបន្តបន្ទាប់ ដោយសារការទន្ទ្រានយកដី ការប្រើប្រាស់ជីក្នុងវិស័យកសិកម្មធ្វើឱ្យប៉ះពាល់ប្រព័ន្ធអេកូឡូស៊ី ការបរបាញ់និងនេសាទខុសច្បាប់ និងការប្រែប្រួសអាកាសធាតុ។

លោក ប៊ូ វរសក្ស ថ្លែងថាការអភិរក្សតំបន់រ៉ាមសានិងតំបន់ដីសើម គឺជាសារសំខាន់សម្រាប់ប្រើប្រាស់ធ្វើជាតំបន់ទេសចរណ៍ និងជាពិសេសគឺជួយការពារធនធានត្រីឱ្យមាននិរន្តរភាពអាចប្រើប្រាស់បានយូរអង្វែង។

តំបន់ដីសើម ត្រូវបានគេចាត់ទុកថា គឺជាផ្នែកដ៏សំខាន់សម្រាប់បរិស្ថានធម្មជាតិ ដោយ​សារវាជួយការពារការបាក់ច្រាំង ទប់ស្កាត់ទឹកជំនន់ ស្រូបជាតិពុល លើកកម្ពស់គុណភាពទឹក ហើយបានផ្ដល់ជាទីតាំងសម្រាប់ធ្វើជំរករបស់សត្វស្លាប សត្វគ្រប់ប្រភេទ ព្រៃឈើ និងជាទីតាំងសម្បូរជីវចម្រុះរស់នៅ។ សម្រាប់សត្វស្លាប ដីសើមគឺជាប្រភពទឹកសម្រាប់ផឹក ហើយត្រូវបានប្រើប្រាស់ទីតាំងធ្វើជំរក បង្កាត់ពូជ ធ្វើសំបុក ការប្រាស្រ័យទាក់ទងរវាងបក្សីឈ្មូលញី និងទីតាំងសម្រាប់សត្វបក្សីចិញ្ចឹមកូន។

បើតាមក្រសួងបរិស្ថាន កម្ពុជាមានដីសើមប្រមាណ៥លានហិកតា ដែលស្មើនឹង​២៨​ទៅ​៣៣%នៃផ្ទៃដីសរុប ហើយដល់ពេលនេះ រដ្ឋាភិបាលបានបង្កើតឱ្យមានតំបន់រ៉ាមសារបានចំនួន៥កន្លែង ដែលមានផ្ទៃក្រឡាសរុបចំនួន៨៥.២៣៥ហិកតា ស្ថិតនៅតំបន់ទន្លេមេគង្គខេត្តស្ទឹងត្រែង កោះកាពិខេត្តខេត្តកោះកុង បឹងទន្លេសាបក្នុងខេត្តបាត់ដំបង និងបឹងទន្លេឆ្មារនិងស្ទឹងសែននៅក្នុងខេត្តកំពង់ធំ៕