ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សមួយ បានវិនិយោគបង្កើតរមណីយដ្ឋាន​បែបធម្មជាតិបៃតង តាមដងទន្លេមេគង្គក្រោម លើផ្ទៃដី ១៤ហិកតា ស្ថិត​នៅស្រុក​​កៀនស្វាយ ខេត្តកណ្តាល។

លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប ថ្លែងនៅក្នុងពិធី​បើក​ដំណើរ​ការជាផ្លូវការនៃមជ្ឍមណ្ឌលកម្សាន្តបែបធម្មជាតិ ព្រីនស៍ ម៉ាណ័រ ក្នុង​ដំណាក់​​កាលទី១ ថា មជ្ឈមណ្ឌលកម្សាន្តនេះ ជាប្រភេទគោលដៅទេសចរណ៍ បែប​អេកូឡូស៊ី ដែលរួមមានទាំង សួនកម្សាន្តកុមារ រមណីយដ្ឋាន​ទេសចរណ៍បែប​កសិកម្មទំនើប សួនកម្សាន្តក្នុងព្រៃ និងមាន បង្ហាញនូវផ្ទាំងសិល្បៈគំនូរលើជញ្ជាំងប្រវែង១គីឡូម៉ែត្រ ដែលជាគំនូរជញ្ជំងដ៏វែងជាងគេ នៅក្នុងតំបន់អាស៊ីផងដែរ។

លោកបន្តថា មជ្ឈមណ្ឌលកម្សាន្តថ្មីនេះ នឹងអាចចូលរួម ចំណែក​ឆ្លើយតបទៅនឹង​តម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទៅកម្សាន្ត បាននាថ្ងៃឈប់​សម្រាក ជាពិសេសទេសចរចិន ដែលកំពុងមានការកើនឡើងខ្ពស់នៅកម្ពុជា។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេស ភ្ញៀវទេស​ចរចិន ដែលនឹងមកទស្សនានៅកម្ពុជា អាចនឹងកើនរហូតដល់២លាននាក់បន្ថែមនោះ រាជធានី​ភ្នំពេញ និងខេត្តសក្ដានុពលកម្ពុជាផ្សេងទៀត បាននិងកំពុងរៀបចំ និងអភិ​​វឌ្ឍន៍​រមណីយដ្ឋាន បែបវប្បធម៌ និងធម្មជាតិ ដើម្បីបម្រើដល់វិស័យទេសចរណ៍​ក្នុងស្រុក។ នេះជាការបញ្ជាក់របស់លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគម​ទីភ្នាក់ងារទេសចរណ៍កម្ពុជា៕

អត្ថបទ៖ ខ្មែរណាស់