កោះតៃវ៉ាន់ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយ នៅសប្ដាហ៍ក្រោយ ដែលជាការធ្វើសមយុទ្ធលើកដំបូងក្នុងឆ្នាំនេះ ដើម្បីសាកល្បងសមត្ថភាពកងកម្លាំងយោធារបស់ខ្លួន ក្នុងការត្រៀមទប់ទល់ចំពោះការហារប្រហារពីចិនដីគោក។

តាមការគ្រោងទុកសមយុទ្ធនេះ នឹងចាប់ផ្ដើមធ្វើឡើងនៅវេលាម៉ោង ៥ ៣០ នាទី ព្រឹក ថ្ងៃទី ១៧ខែមករា នេះ ស្ថិតនៅចំកណ្ដាលកោះតៃវ៉ាន់។គេរំពឹងទុកថា នឹងមានការបាញ់សាកល្បងអាវុធៗទំនើបជាច្រើនដូចជា ការបាញ់រ៉ុកកែត  មីស៊ីល ការបាញ់គ្រាប់ចេញពីឧទ្ធម្ភាគចក្រចម្បាំង និងការសាកល្បងអាវុធកាំភ្លើងធំជាច្រើនប្រភេទទៀត។

ប្រភពពីមន្រ្តីយោធាកោះតៃវ៉ាន់បានបញ្ជាក់ថា ការត្រៀមសមយុទ្ធបែបនេះ មិនដើម្បីឆ្លើយតបចំពោះការលើកឡើងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឡើយ  ហើយអះអាងថាគម្រោងនៃធ្វើសមយុទ្ធនេះ គឺមានតាំងពីមុនមានប្រកាសរបស់ស៊ី ជីនពីង ទៅទៀត។

ទោះជាយ៉ាងណាកាលពីសប្ដាហ៍មុន លោក ស៊ីជីនពីង បានប្រកាសឱ្យមានការរូបរួមគ្នាវិញរវាងកោះតៃវ៉ាន់និងចិនដីគោក ដោយលោកថែមទាំងព្រមានប្រើកម្លាំងទ័ពចេញប្រយុទ្ធ ប្រសិនបើកោះតៃវ៉ាន់ហ៊ានតែប្រកាសខ្លួនជារដ្ឋឯករាជ្យចេញពីចិន។ ក្រោយមកទៀត លោក ស៊ី ជីនពីង ក៏បានបញ្ជាឱ្យកងទ័ពទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីចេញធ្វើសង្គ្រាម៕

ប្រភព៖ South China Morning Post