ចាប់ពីឆ្នាំ២០៥០ខាងមុន គឺក្នុងមួយឆ្នាំៗនឹងមានមនុស្សប្រហែល១០​លាននាក់នៅ​ទូទាំងពិភពលោក ឬស្មើនឹងពាក់កណ្ដាលនៃចំនួនមនុស្សទាំងនេះនៅតំបន់អាស៊ី ដែលត្រូវស្លាប់ដោយពួកគេមានភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។ នេះបើតាម​​អង្គការសហប្រជាជាតិខាងស្បៀងនិងកសិកម្មប្រចាំកម្ពុជា FAO លើកឡើង​កាល​​ពីពេលថ្មីៗនេះ។

ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ កើតឡើងនៅពេលដែលមេរោគក្នុងខ្លួនមនុស្ស បានស៊ាំទៅនឹងឱសថដែលប្រឆាំងមេរោគ ហើយធ្វើឱ្យជំងឺមានការ​ពិបាកក្នុងការព្យាបាល។ មូលហេតុរាងកាយដែលកើតមានភាពស៊ាំនឹងមេរោគ គឺបង្កឡើងពីការប្រើប្រាស់ឱសថប្រឆាំងមេរោគហួសប្រមាណនិងមិនត្រឹមត្រូវ និងព្រមទាំងការបរិភោគបន្លែនិងសាច់ដែលគេប្រើប្រាស់ថ្នាំអង់ទីប្យ៊ូទិចមិនត្រឹមត្រូវ។

បញ្ហាទាំងនេះនាំឱ្យឱសថថយចុះប្រសិទ្ធភាពក្នុងការព្យាបាលរោគមនុស្ស ដូចជាឱសថប្រឆាំងពពួកវីរុស និងឱសថប្រើសម្រាប់ប្រឆាំងជំងឺគ្រុនចាញ់ជាដើម។

មានការលើកឧទាហរណ៍ពន្យល់បន្ថែមថា ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ មានសភាពកាន់តែធ្ងន់ធ្ងរ គឺដូចការប្រើប្រាស់ឱសថអង់ទីប្យ៊ូទិចលើការចម្លងពីពពួកវីរុស ដូចជា ជំងឺគ្រុនផ្ដាសាយ និងការប្រើប្រាស់ឱសថទាំងនេះ ដើម្បីបង្ការជំងឺ និងដើម្បីជំរុញការលូតលាស់ នៅក្នុងការចិញ្ចឹមសត្វនៅក្នុងវារីវប្បកម្ម។

ការរីករាលដាលរបស់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ នឹងបង្កផលលំបាកក្នុងការព្យាបាលជម្ងឺឆ្លងធម្មតាមួយចំនួន ដូចជាជំងឺរលាកសួត ជម្ងឺរបេង និងជម្ងឺរាគបង្កដោយមេរោគសាម៉ូណេឡា ដែលនាំឱ្យការព្យាបាលចំណាយថវិកាកាន់តែច្រើននិងមានរយៈពេលយូរ ហើយអត្រាស្លាប់នឹងកើនឡើង ស្របពេលបច្ចុប្បន្នេះ គេប៉ាន់ប្រមាណថា ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ កំពុងសម្លាប់មនុស្សជាង៧សែននាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ៕