ការអាក់ដង្ហើម និងការស្រមុកដែលបង្កពីការដុះសាច់បំពង់ក នឹងបណ្តាលឲ្យមានបញ្ហាបេះដូង និងទឹកនោមផ្អែមទៅថ្ងៃក្រោយ។

ក) អ្វីដែលហៅថាដុះសាច់បំពង់ក (Hypertrophy of Tonsils)? 
ប្រជាជនកម្ពុជាយើងស្គាល់ច្បាស់នូវពាក្យនេះ ដែលពាក្យបច្ចេកទេសពេទ្យហៅថា Tonsils ហើយវាស្ថិតនៅសងខាងបំពង់ក ដែលមានសកម្មភាពខ្លាំងក្លានៅវ័យកុមារ និងថមថយបន្តិចម្តងៗនៅពេលពេញវ័យ។ សាច់បំពង់ក (Tonsils) ជាសរីរាង្គការពាររាងកាយប្រឆាំងនឹងមេរោគ (Lymphoid tissue)។

ខ) រោគសញ្ញារលាកដុះសាច់បំពង់កមានដូចជា៖
– ឈឺបំពង់ក ក្អក
– ឈឺពេលលេបអាហារ
– សាច់បំពង់កឡើងក្រហម ជួនកាលមានខ្ទុះព័ទ្ធដោយស្នាមពណ៌ស
– ឡើងកំដៅខ្លាំង
– ឈឺក្បាល
– អស់កម្លាំង
– ព្រឺក្តៅរងារ
– ពិបាកក្នុងការលេបអាហារ និងការសម្រាន
– ដកដង្ហើមមានក្លិនអាក្រក់
– ហើមកូនកណ្តុរនៅបរិវេន ក

គ) មូលហេតុបង្ករោគ៖
សាច់បំពង់ក ជាសរីរាង្គការពារ ហេតុដូច្នេះវាងាយនឹងបង្កបញ្ហា ជាមួយមេរោគៈ 
– វីរុស
– បាក់តេរី

ឃ) ការធ្វើរោគវិនិច្ឆ័យ៖
ពិនិត្យសភាពទូទៅជាមុនសិន តែបើមានបញ្ហារលាកដុះសាច់បំពង់ក ទាមទារអោយគ្រូពេទ្យត្រូវធ្វើ Swab culture នៅនឹងកន្លែងរលាកដើម្បីរកប្រភេទបាក់តេរី ឬវីរុស ហើយធ្វើតេស្តឈាម និងឈានទៅធ្វើការព្យាបាលដ៏មានប្រសិទ្ធិភាពខ្ពស់។

ង) នៅពេលណាដែលត្រូវមកមន្ទីរពេទ្យ៖
រលាកដុះសាច់បំពង់កមានសភាពខ្លាំងក្លា ដែលបណ្តាលឲ្យមានការពិបាកដកដង្ហើម ដែលតំរូវឲ្យមកមន្ទីរពេទ្យ ជាបន្ទាន់។
សញ្ញាមួយចំនួនទៀតមានដូចជាៈ
– កំដៅឡើងខ្លាំងលើស ៣៩ °C
– តឹងក ខ្សោយសាច់ដុំ
– ឈឺបំពង់កអត់បាត់លើសពី ២ថ្ងៃ

ច) ការព្យាបាលរលាកដុះសាច់បំពង់ក
– ព្យាបាលនៅផ្ទះ (Home Care)
. ធ្វើលំហាត់ប្រាណដើម្បីឲ្យរាង្គកាយមាំទាំជាប្រចាំ
. ពិសារទឹកឲ្យបានច្រើន
. ជៀសឆ្ងាយពីផ្សែងបារី និងកន្លែងជក់
. អាចប្រើថ្នាំដូចជា Ibuprofen រឺ Acetaminophen
– ព្យាបាលដោយប្រើថ្នាំផ្សះ
– ព្យាបាលដោយវះកាត់ៈ ការវះកាត់ដុះសាច់បំពង់ក នឹងត្រូវបានធ្វើឡើងក្នុងករណីរលាករ៉ាំរ៉ៃ និងការលាប់សា ចុះសាឡើង នៃការរលាកបំពង់កចន្លោះពី ៧ ទៅ ៨ ដងក្នុង ១ឆ្នាំ និងករណីមួយចំនួនទៀតដូចជា៖
. ការអាក់ដង្ហើមពេលយប់ 
. ពិបាកដកដង្ហើម និងលេបអាហារ
. អាប់សែរ ដែលពិបាកព្យាបាល

ឆ) វិធីការពារ
– វិធីការពាររលាកដុះសាច់បំពង់កមានលក្ខណៈប្រហាក់ប្រហែលនឹងជំងឺផ្តាសាយ
– លាងសំអាតដៃជាមួយសាប៊ូជាប្រចាំ
– ហាមបរិភោគ រឺពិសារទឹករួមគ្នាជាមួយអ្នកជំងឺ
– កាត់បន្ថយការប៉ះពាល់អ្នកជំងឺដទៃទៀត ពេលយើងកំពុងមានបញ្ហារលាកដុះសាច់បំពង់ក
– សម្រាក និងពិសារទឹកឲ្យបានច្រើន
– ប្រញាប់ព្យាបាលក្នុងករណីមានបញ្ហាក្រពះ

បើសិនជាបងប្អូនមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ជៀសវាងនូវការប្រើប្រាស់ថ្នាំផ្សះច្រើនប្រភេទ ដែលបង្កឲ្យមានភាពស៊ាំប៉ះពាល់សុខភាព និងថវិការ។

អត្ថបទ៖មន្ទីរពេទ្យកាល់ម៉ែត្រ