ក្នុងអំឡុងពេលពរពោះ ស្រ្តីមានផ្ទៃពោះគួរតែបរិភោគចំណីអាហារណាដែលមានសារៈប្រយោជន៍ដល់ទារកក្នុងផ្ទៃ  ពីព្រោះចំណីអាហារមានសារសំខាន់ណាស់សម្រាប់សុខភាពម្តាយនិង ទារក។ ដូច្នេះស្រ្តីគួរជ្រើសរើសចំណីអាហារល្អៗដើម្បីឲ្យម្តាយនិងទារកទទួលបាននូវជាតិប្រូតេអ៊ីន វីតាមីន ជាតិអេឡិចត្រូលីត្រ និងសារជាតិសំខាន់ៗផ្សេងទៀតដើម្បីកំលាំងរឹងមាំ រាងកាយលូតធំ និងសុខភាពប្រពៃ។​ ចំណីអាហារទាំង៣ក្រុម ដែលស្រ្តីមានផ្ទៃពោះគួរតែបរិភោគក្នុងអំឡុងពេលពរពោះ ក្នុងនោះអំបិលអ៊ីយ៉ូដក៏មានសារសំខាន់ផងដែរ ពីព្រោះវាអាចជួយការពារការស្លាប់​របស់ទារកក្នុងផ្ទៃ ទារកមិនគ្រប់ខែ ការរលូត ព្រមទាំងជួយការលូតលាស់រាងកាយ​ និងសតិបញ្ញារបស់ទារកក្នុងផ្ទៃ។

ចំណីអាហារទាំង៣ក្រុមដែលស្រ្តីមានផ្ទៃពោះគួរបរិភោគមាន៖

១- អាហារថាមពល

អាហារថាមពលមាន អំពៅ ស្ករ ត្រាវ នំបញ្ចុក គុយទាវ មី ដំឡូង ដូង ត្រប់ ដំឡូងជ្វា ប្រេងឆា នំប៉័ង ទឹកឃ្មុំ អង្ករ ពោត ខ្លាញ់សត្វ។

២- អាហារស្ថាបនារាងកាយ

អាហារស្ថាបនារាងកាយមាន សណ្តែកសៀង សណ្តែកបាយ សណ្តែកដី ត្រី អន្ទង់ ស៊ុត តៅហ៊ូ សាច់មាន់ សាច់ជ្រូក សាច់ទា​ សាច់គោ កង្កែប កំពឹស មឹក បង្គា ក្តាម។

ដោយឡែកទឹកដោះគោសំបូរទៅដោយជាតិកាល់ស្យូម និងសារជាតិចិញ្ចឹមផ្សេងៗ ស្រ្តីអាចផឹកវាមួយថ្ងៃមួយពែងរាល់ថ្ងៃដើម្បីឲ្យឆ្អឹងនិងធ្មេញរឹងមាំ​ ហើយជ្រើសរើសទឹកដោះគោដែលមានវីតាមីនដេ។

៣- អាហារការពាររាងកាយ

អាហារការពាររាងកាយមាន ជាពិសេសបន្លែពណ៌បៃតង និងផ្លែឈើពណ៌លឿង ព្រោះ វាសំបូរវីតាមីនអា ជាតិដែក វីតាមីនសេ ម៉ាញ៉េស្យូម និងហ្វូឡាស៊ីន។ អាហារទាំងនោះរួមមាន ស្ពៃខៀវ ត្រកួន ផ្ទី ស្លឹកបាស់ ប៉េងបោះ ត្របែក ល្ហុងទុំ ម្នាស់ ស្វាយទុំ ល្ពៅ ចេក ក្រូច ខ្នុរទុំ។ ដោយឡែកក្រូច ក្រូចថ្លុង ប៉េងប៉ោះ ស្វាយ ល្ហុង សំបូរវីតាមីនសេជាងគេ។ ដូចនេះស្រ្តីគួរបរិភោគទឹក​ដមផ្លែឈើឬបន្លែ យ៉ាងហោចណាស់កន្លះពែងក្នុងមួយថ្ងៃ។

សូមកត់សំគាល់ថា ក្នុងរយៈពេល២-៣ខែចុងក្រោយនៃការមានផ្ទៃពោះ អ្នកនឹងមានផាសុកភាពល្អ ប្រសិនបើអ្នកមិនបរិភោគច្រើនក្នុងពេលតែមួយ។ ដូចនេះ​សូមព្យាយាមបរិភោគតិចៗតែញឹកញាប់ ដោយទុកចំណីអាហារខ្លះដើម្បីបរិភោគនៅម៉ោងក្រោយទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកអ្នកផ្តល់ប្រឹក្សាតាមរយៈលេខទូរសព្ទ ០១០ ៨១២ ៨១២/ ០៨៩ ៣៣៣ ៩៩០ និង ០៨៨ ៧ ១០៧ ១០៧ ដែលជាការពិភាក្សាដោយសំងាត់។

ឯកសារយោង៖ – ពិធីសារគ្លីនិករ៉ាក់ សម្ភព និងរោគស្រ្តី ២០១៨