ស្របពេលពិភពលោកកាន់តែក្ដៅនិងកាន់តែកកកុញដោយមនុស្សម្នា ហើយពាក់កណ្ដាលនៃពិភពលោកពុំទាន់មានវិធីសាស្រ្ដក្នុងការទប់ស្កាត់ការបំភាយឧស្ម័នកខ្វក់នៅឡើយ ដូច្នេះ រាល់ការដកដង្ហើមចេញចូលរបស់មនុស្ស គឺកាន់តែមានគ្រោះថ្នាក់ដែរ។ បច្ចុប្បន្ន ត្រូវបានគេរកឃើញថា មនុស្ស៩នាក់ក្នុងចំណោម១០នាក់ទៅហើយ ដែលការដកដង្ហើមបានស្រូបយកខ្យល់ដែលផ្ទុកជាតិពុល ហើយជារៀងរាល់ឆ្នាំ បានធ្វើឱ្យមនុស្សប្រហែល៧លាននាក់ស្លាប់។

ផលប៉ះពាល់សុខភាពដោយសារផ្សែងពុលក្នុងបរិយាកាស គឺមានភាពធ្ងន់ធ្ងរឡើង ហើយម្នាក់ក្នុងចំណោមមនុស្ស៣នាក់បានស្លាប់ គឺដោយសារកើតជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកសួត និងជំងឺគាំងបេះដូង ហើយប្រៀបធៀបទៅនឹងការជក់បារី គឺមានអត្រាខ្ពស់ជាង។

ជាតិពុលក្នុងបរិយាកាស គឺពិបាកគេចផុតណាស់ ហើយមិនថារស់នៅដល់ទីណាឡើយ គឺវាស្ថិតនៅជុំវិញខ្លួនមនុស្សទាំងអស់នៅជុំវិញពិភពលោក។ ជាតិពុលក្នុងខ្យល់ដ៏ល្អិតៗ គឺមានសមត្ថភាពទម្លុះប្រព័ន្ធការពាររាងកាយ ហើយវាបានជ្រាបចូលយ៉ាងជ្រៅទៅដល់ផ្លូវដង្ហើម និងប្រព័ន្ធឈាម ដែលធ្វើឱ្យប៉ះពាល់ទៅដល់សួត បេះដូង និងខួរក្បាល។

នៅក្នុងឆ្នាំ២០១៨នេះ អង្គការសុខភាពពិភពលោក កំពុងជំរុញឱ្យគ្រប់ប្រទេសត្រូវបង្ហាញអំពីការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លាថែមទៀតដើម្បីប្រឆាំងខ្យល់ពុលក្នុងបរិយាកាសនេះ និងកំពុងជំរុញឱ្យមានការយល់ដឹងបន្ថែម អំពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរសុខភាពសាធារណៈ ហើយចែករំលែកព័ត៌មានអំពីហានិភ័យប្រឈមនៃជាតិពុលក្នុងបរិយាកាសនេះ៕

ប្រភព៖ WHO