ចរចា

ជំនាញក្នុងការចរចាពិតជាមានសារៈសំខាន់ស្ទើគ្រប់ផ្នែកទាំងអស់នៃជីវិតរស់នៅប្រចាំថ្ងៃ មិនថា ក្នុងការងារ ការរកស៊ី និងការរស់នៅប្រាស្រ័យទាក់ទងគ្នានោះទេ។ អ្នក​ខ្លះមានទេពកោសល្យក្នុងការចរចាពីកំណើត ឯអ្នកខ្លះទៀតត្រូវសិក្សា​រៀនសូត្រ​ទើបទទួលបានជំនាញនេះ។

តើត្រូវធ្វើដូចម្ដេចខ្លះដើម្បីអោយក្លាយជាអ្នកពូកែក្នុងការចរចា?

ដើម្បីក្លាយជាអ្នកចរចាដ៏ពូកែ លោកអ្នកអាចអនុវត្តតាមរូបមន្តខាងក្រោម៖

១.ការត្រៀមទុកជាមុន


មុននឹងចូលរូមក្នុងការពិភាក្សាអ្វី​មួយជាមួយដៃគូរ​បស់អ្នក អ្នកត្រូវស្វែងយល់អោយ​ច្បាស់ពី​ប្រធានបទ ដែលអ្នកនឹងត្រូវពិភាក្សាគ្នា អំពីអ្វីដែលដៃគូអ្នកចង់បាន អ្វីដែល​អ្នកអាចអោយគេ ហើយនិងអ្វីដែលអ្នកចង់បានពីគេមកវិញ។ អ្នកត្រូវតែ​មានភាព​ច្បាស់លាស់លើបញ្ហាទាំងនេះជាមុនសិន មុននឹងឈានចូល​ដល់ការពិ​ភាក្សាគ្នា ដើម្បីអោយអ្នកបានត្រៀម​ខ្លូនទុកជាមុននូវសំនួរព្រមទាំងចម្លើយទៅដៃគូអ្នក។ នៅពេលដែលអ្នកបានត្រៀមទុកដូចនេះ វាអាចជួយអោយអ្នកមានអាទិភាព​ក្នុងការចរចា​ជាមួយ​ដៃគូបានយ៉ាងមានប្រសិទ្ធភាព។

២.សមត្ថភាពក្នុងការបត់បែន


ការចរចារមិនមែនជារឿងមួយដែលងាយនោះទេ។ វាជាការដែលមនុស្សពីរ​នាក់ឬ​មនុស្ស​មួយ​ក្រុមពិភាក្សាគ្នាដើម្បីរកចំណុចសមមូលមួយ ដែលទទួលយក​បានទាំង​អស់គ្នា។ ដូច្នេះហើយអ្នកតែងជួបការលំបាកក្នុងការសម្រេចចិត្ត ទទួលរងសម្ពាធ​ពីដៃគូពិភាក្សា។ ប៉ុន្តែ​អ្នកត្រូវប្រាកដថា ខ្លួនអ្នកអាចទទួលរងសម្ពាធទាំងនោះបាន អ្នកអាចធ្វើការសម្រេចចិត្ត​បានយ៉ាងល្អបើទោះបីអ្នកមានសម្ពាធក៏ដោយ។ ម្យ៉ាងវិញទៀត អ្នកក៏ត្រូវចេះបត់​បែនទៅតាម​កាលៈទេសៈផងដែរ បើទោះបីជា​អ្នកបានគិតទុកមុនរួចហើយ ប៉ុន្តែរឿងខ្លះកើត​ឡើងខុស​ពីការដែលអ្នកបានរំពឹងទុក វាទាមទារអោយអ្នក​មានការសម្រេចភ្លាមៗស្រប​តាមកាលៈ​ទេសៈដែរ៕

ប្រែសម្រួល៖ សាវតា