Semen analysis

មានពាក្យចចាមអារ៉ាមជាច្រើនទាក់ទឹងនឹងទឹកកាម និងការបញ្ចេញទឹកកាម ប៉ុន្តែអ្វីដែលកើតឡើងជាក់ស្តែងនោះ គឺមនុស្សប្រុសម្នាក់បញ្ចេញទឹកកាមតែមួយស្លាបព្រាកាហ្វេ ឬ ៥មីលីលីត្រប៉ុណ្ណោះពេលរួមភេទម្តង។

ភាពរីករាយផ្លូវភេទមិនជាប់ទាក់ទងនឹងបរិមាណទឹកកាមដែលបញ្ចេញនោះទេ ហើយបរិមាណទៀតសោត ខុសគ្នាដោយផ្អែកលើគម្លាតពីរយៈពេលចុងក្រោយដែលមនុស្សប្រុសបញ្ចេញទឹកកាម។ ប្រសិនបើគម្លាតយូរ នោះអ្នកនឹងឃើញថា បរិមាណអាចមានច្រើន ហើយទឹកកាមក៏មានភាពក្រាស់ផងដែរ។

ផ្ទុយមកវិញនៅពេលដែលមានគម្លាតខ្លី នោះទឹកកាមអាចមានចំនួនតិចជាងមុន ហើយក៏មិនសូវក្រាស់នោះដែរ។ នេះជារឿងធម្មតា ដោយមិនបង្ហាញថា ខ្លួនរបស់មនុស្សប្រុសនោះជិតអស់ទឹកកាមពីខ្លួនរបស់គេឡើយ។ ជាក់ស្តែង ទឹកកាមមិនមែនជាអ្វីដែលអាចសន្សំទុកនៅក្នងខ្លួនរបស់មនុស្សនោះទេ។  មនុស្សប្រុសម្នាក់ៗតែងតែផលិតមេជីវិតឈ្មោល ដូចនេះទឹកកាមចាស់ត្រូវតែបញ្ចេញចោល អាចតាមរយៈការរួមភេទ ការសម្រេចបំណងផ្លូវភេទដោយខ្លួនឯង ឬតាមរយៈសុបិន្តសើម។

ជាមួយគ្នាផងដែរ បរិមាណទឹកកាមដែលបញ្ចេញ មិនអាចប៉ះពាល់ដល់សមត្ថភាពនៃការរួមភេទច្រើនដងក្នុងមួយថ្ងៃនោះទេ។ សូមចងចំាថា ទោះបីជាទឹកកាមដែលបញ្ចេញតិច ឬច្រើនក៏ដោយ ប៉ុន្តែក្នុង ១មីលីលីត្រនៃទឹកកាម មានចំនួនមេជីវិតឈ្មោលប្រហែលពី ៤០ ទៅ ១២០ លានមេជីវិតឈ្មោល។ មិនមានវិធិសាស្រ្តណាដែលអាចបញ្ឈប់ការកកើតមេជីវិតឈ្មោលក្នុងខ្លួនរបស់មនុស្សប្រុសនោះទេ ហើយបរិមាណនៃការបង្កើតមានច្រើនតាំងពីចាប់ផ្តើមពេញវ័យរហូតដល់វ័យចំណាស់។

ប្រភព៖ អង្គការរ៉ាក់