នៅក្នុង​ជំនួប​ពិភាក្សា​រវាង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Liyong អគ្គ​នាយក​អង្គការ​យូនីដូ នៅ​ឯ​ស្ថាន​បេសកម្ម​អចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នាទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ពេលថ្មីៗនេះ លោក​រដ្ឋមន្រ្តី​បានស្នើសុំដល់អង្គការយូនីដូ (UNIDO) ជួយរៀបចំបទដ្ឋាន​គតិយុត្តិពាក់ព័ន្ធឈានទៅ​ទទួល​បានការអនុញ្ញាតនាំចេញផលនេសាទសមុទ្រកម្ពុជា ទៅកាន់ទីផ្សារអ៊ឺរ៉ុប។ ទន្ទឹមនឹងនេះ លោកក៏បានស្នើអង្គការយូនីដូ ជួយផ្តល់នូវ​ការគាំ​ទ្របន្ថែមពីនីតិវិ​ធីក្នុងការទទួលស្គាល់​នូវគុណភាព និងស្តង់ដាផលិតផលកសិកម្មផងដែរ។

ជាការឆ្លើយតបលោក Liyong បានបញ្ជាក់ថា លោកនឹងធ្វើការពិនិត្យនូវលទ្ធភាព​ក្នុងការ​រៀបចំជាកម្មវិធី​គាំទ្រ​សម្រាប់ជួយដល់ការអភិវឌ្ឍនៅកម្ពុជាទៅតាម​ចំណុចអាទិភា​ព​នៃកិច្ច​ពិភាក្សានេះ។

លោក បន្តថា អង្គការយូនីដូ មានបំណងពង្រឹងកម្មវិធី​ភាពជាដៃគូប្រទេសជាមួយកម្ពុជា ដោយផ្តោតទៅលើការពង្រឹងសមត្ថភាព ការអភិវឌ្ឍន៍វា​រីវប្បកម្ម ជំរុញការវិនិយោគសួន​កសិឧស្សាហកម្មទំនើបដែលផ្សារ​ភ្ជាប់ទៅនឹងខ្សែច្រវ៉ាក់​ផលិតកម្មកសិកម្ម កិច្ចសហ​ប្រតិបត្តិ​ការ​លើហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់គុណភាព និងស្តង់ដារ​ផលិផល​កសិកម្ម(អនាម័យ និងភូតគាមអនាម័យ) និងការជំរុញពាណិជ្ជកម្មធុន​ស្រាល​​កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕

អត្ថបទ៖ សាវតា