មូលហេតុនាំឱ្យមានអាការៈវិលមុខ ត្រូវបានគេឃើញថា គឺបណ្ដាលមកពីបញ្ហាប្រព័ន្ធប្រសាទ ដូចជាស្ពឹកមួយចំហៀងខ្លួន ឈឺក្បាលខ្លាំងផ្នែកខាងក្រោយនិយាយអាក់ៗ មើលឃើញរូបភាពបែកជាពីរ ការថយចុះនូវវិញ្ញាណនិងចលនា ការវិលនៃគ្រាប់ភ្នែកក្នុងទិសដៅច្រើនជ្រុង សញ្ញាប៉ះពាល់លើខួរតូច( មិនអាចទប់លំនឹង និងសម្របសម្រួលចលនា ឬដងខ្លួន) ឈ្លក់ និងពិបាកលេប ដែលសញ្ញាទាំងនេះ ត្រូវគេចាត់ទុកថា នឹងអាចប៉ះពាល់ដល់ជីវិតភ្លាមៗ។

ត្រចៀកក៏ជាមូលហេតុធ្វើឱ្យមានការវិលមុខដែរ ដូចជា ឈឺក្នុងត្រចៀក ស្ដាប់លែងសូវបាន ហូរឈាមឬមានហូរទឹករង៉ៃតាមត្រចៀកដែលបណ្ដាលមកពីការរលាកដោយសារមេរោគ និងការប៉ះទង្គិចឬដុះសាច់ក្នុងត្រចៀក។

រីឯបញ្ហានាំឱ្យវិលមុខមួយទៀត គឺដោយសារមានការប្រើប្រាស់ថ្នាំមួយចំនួន ដូចជាថ្នាំប្រឆាំងការកន្ត្រាក់ ថ្នាំបញ្ចុះសម្ពាធឈាម ឬការខ្វះគ្រាប់ឈាម ខ្វះជាតិស្ករ ខ្សោះជាតិទឹក ជំងឺស្រឺត និងការថយចុះសម្ពាធឈាមនៅពេលដែលងើបឈរ។

ប្រសិទ្ធិភាពនៃការព្យាបាល គឺនៅពេលវិលមុខ ត្រូវតែទៅពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ ដើម្បីឈានទៅរកការព្យាបាលមូលហេតុច្បាស់លាស់ ឬពិនិត្យឈាមដោយប្រើប្រាស់ម៉ាស៊ីនទំនើបស្វ័យប្រវត្តិដូចជា ស្ដេននែរជាដើម ដើម្បីរកការប៉ះពាល់ទៅលើប្រព័ន្ធប្រសាទកណ្ដាល និងប្រព័ន្ធប្រសាទក្រៅ។

ក្រុមគ្រូពេទ្យបញ្ជាក់ថា ការវិលមុខញឹកញាប់ នឹងវិវត្តទៅជាជំងឺរ៉ាំរ៉ៃ ហើយបើវិលមុខខ្លាំងអាចបណ្ដាលឱ្យដួលនិងប៉ះពាល់សរីរាង្គផ្សេង ដែលនេះនឹងអាចឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕