កាលពីថ្ងៃទី២៣វិច្ឆិកា សាលាដំបូងខេត្តមណ្ឌលគិរីបានចេញដីការកោះហៅលោក យន់ សា​រ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឱ្យចូលខ្លួនមកកាន់សវនាការជំនុំជម្រះដែលត្រូវធ្វើឡើងនៅថ្ងៃទី២៥វិច្ឆិកានេះ។

ដីកាកោះហៅដែលចេញដោយលោក មាស វឌ្ឍនា តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌល​គីរីបានលើកឡើងថា លោក យន់ សារ៉ោម​ គឺជាជនជាប់ចោទពីបទ«មិនបានប្តឹងបរិហារបទឧក្រិដ្ឋឬបទមជ្ឈិមដោយអ្នករាជការសាធារណៈជាអាទិ៍» ដែលបានប្រព្រឹត្តទៅនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២១កុម្ភៈ ឆ្នាំ ២០១៩។

ការបើកសវនាជំនុំជម្រះនេះ គឺបន្ទាប់ពីមន្រ្តីអាដហុកម្នាក់និងក្រុមជនជាតិដើម៧នាក់ផ្សេងទៀត បាននាំគ្នាដាក់ពាក្យប្ដឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនេះទៅតុលាការខេត្តតាំងពីខែកុម្ភៈឆ្នាំ២០១៧ ដោយពួកគេអះអាងថា លោក យន់ សារ៉ោម បានដឹង​ពី​បទ​ល្មើសកើតឡើងហើយមិនបានដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់។

នៅក្នុងពាក្យបណ្ដឹងរបស់មន្រ្តីសង្គមស៊ីវិលនិងជនជាតិដើមភាគតិចបានលើកឡើងថា លោក យន់ សារ៉ោម បានព្រមានថាប្រសិនបើលោក ស្វាយ សំអ៊ា​ង អភិបាលខេត្តដក​ហូត​យក​ដី២៣ហិកតាជាដីដែលលោកបានរងការចោទប្រកាន់ថាបានកាប់រានដីព្រៃសហ​គមន៍​នោះ លោកនឹងបើកកកាយនឹងកាប់រានដីព្រៃផ្សេងទៀត ដែលអ្នកខ្លះមានរហូតដល់៥០០ហិកតាទៅដល់១០០០ហិកតា។

ពាក្យបណ្ដឹងបានសរសេរថា៖«ដំណើររឿងនេះបានបង្ហាញថា លោក យន់ សារ៉ោម បានដឹងច្បាស់ពីបទល្មើសឧក្រិដ្ឋកាប់រានឈូសឆាយដីព្រៃមានទំហំធំៗកើតហេតុនៅខេត្តមណ្ឌលគីរី។ សំណូមពរ សុំផ្ដទ្ទាទោសឈ្មោះ យន់ សារ៉ោម ដែលបានដឹងថាមានបទល្មើសឧក្រិដ្ឋកើត​ឡើងហើយមិនប្ដឹងតាមផ្លូវច្បាប់ និងទាមទារឱ្យដកហូតដីព្រៃនិងដីដែលបានរានហើយ មករក្សាទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ»។

លោក គ្រើង តុលា សកម្មជនដីធ្លីក្នុងខេត្តមណ្ឌលគិរី និងជាអ្នកដែលបានចូលរួមដាក់ពាក្យ​បណ្ដឹងនេះកាលពីឆ្នាំ២០១៧បានប្រាប់សារព័ត៌មានខ្មែរណាស់ថា លោក យន់ សារ៉ោម គឺបានបានលើកឡើងដោយខ្លួនឯងនៅក្នុងសន្និសិទ្ធកាសែតមួយថា លោកគឺបានដឹងអំពីមន្រ្តីខេត្តផ្សេងៗទៀត ដែលបានរុករានដីព្រៃដោយខុសច្បាប់ ហើយលោកត្រៀមនឹង​បើក​កកាយរឿងនេះ។



លោកថា៖«គាត់បានរានដីសហគមន៍  ហើយមហាជនរិះគន់។ ហើយឯកឧត្តមអភិបាលមានវិធានការដកហូតដីហ្នឹង។ គាត់( យន់ សារ៉ោម) ខឹង ហើយគាត់ថាប្រសិនបើហ៊ានតែដកដីគាត់ គាត់នឹងកកាយអ្នកធំៗនៅក្នុងខេត្តហ្នឹង ថាពីណាដែលមានដីនៅជាមួយគាត់​ហ្នឹង ដែលខ្លះមានដីចាប់ពី៥០០ហិកទៅ១០០០ពាន់ហិកតា។ លោកបានធ្វើសន្នីសីទកាសែតមួយ ហើយបាននិយាយថា គាត់នឹងកកាយ» ។

ប៉ុន្តែលោក យន់ សារ៉ោម បានប្រាប់សារព័ត៌មានខ្មែរណាស់ថា លោកមិនបានលើកឡើង​ថា​នឹងជីកកកាយរឿងរបស់មន្រ្តីដែលបានរំលោភយកដីព្រៃនោះទេ ហើយក៏គ្មានមន្រ្តីណាដែល​បានរំលោភយកដីព្រៃរហូតទៅដល់៥០០០ហិកតានោះដែរ ហើយជុំវិញរឿងនេះមានអ្នក​ចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់លោកប៉ុណ្ណោះ។

លោក យន់ សារ៉ោម បានលើកឡើងទៀតថា ដីចំនួន២៣ហិកតា ដែលគេចោទថាលោកបាន​រុករានដីព្រៃសហគមន៍នោះ គឺតាមពិតលោកបានទិញពីប្រជាពលរដ្ឋជនជាតិដើម​ភាគ​តិចតាំងពីចុងឆ្នាំ២០០៣ និងបានចាប់ផ្តើមធ្វើចម្ការតាំងពីដើមឆ្នាំ២០០៤មកដល់ពេលនេះ។

លោកថា៖«កាលពីពេលដែលខ្ញុំទិញដីនេះ គឺមិនទាន់មានក្រដាសស្នាមនោះទេ ព្រោះទិញពីអ្នកស្គាល់គ្នា។ តាមពិតទៅខ្ញុំត្រូវធ្វើក្រដាសស្នាមតាំងពីជំនាន់០១។ តែខ្ញុំរវល់ពេកមិនមាន​ពេល​ធ្វើព្រោះរវល់តែការងាររាជការមិនសូវមានពេលនៅផ្ទះ»។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបរទេសរូបនេះបញ្ជាក់ថា លោកមិនខ្លាចនឹងចូលទៅជំនុំជម្រះនៅ​តុលាការឡើយ ប៉ុន្តែលោកនឹងសុំតុលាការដើម្បីលើកពេលបើកសវនាការជំនុំជម្រះទៅថ្ងៃ​ផ្សេងវិញ ដោយសារបច្ចុប្បន្ន លោកកំពុងរវល់នឹងការងារជាមន្រ្តីរាជការច្រើន។

លោក កែវ សុភ័ក្រ្ត ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានលើកឡើងថា លោកមិនបានដឹង​ថា ដីសហគមន៍ស្រែអ៊ី ត្រូ​វបានគេរំលោភបំពាននោះទេ៕