តុលាការខេត្តកំពត បានសម្រេចពន្យាពេលប្រកាសសាលក្រម លើសំណុំរឿងបាក់អាគារកាល​ពីមួយឆ្នាំមុន ដែលបានសម្លាប់មនុស្សជាង៣០នាក់។ មេធាវីលើកឡើងថា មូលហេតុដែលលើកពេលប្រកាសសាលក្រមដែលត្រូវធ្វើឡើងនៅថ្ងៃ១៣មករានេះ គឺដោយសារតុលា​ការ​ចង់សាកសួរសាក្សីនិងអ្នកជំនាញបន្ថែមទៀត។

លោក គី តិច ប្រធានមេធាវីស្ម័គ្រចិត្តសម្ដេច ហ៊ុន សែន បានប្រាប់សារព័ត៌មានខ្មែរណាស់​នៅថ្ងៃនេះថា ពាក់ព័ន្ធទៅនឹងសំណុំរឿងបាក់អាគារនៅខេត្តកែប គឺតុលាការបានសម្រេចចាត់របៀបដើម្បីស៊ើបសួរបន្ថែមទៅលើសាក្សីនិងអ្នកជំនាញចំនួន៧នាក់ ហើយតុលាការនឹងត្រូវបើកសវនាការម្តងទៀត។

លោកថ្លែងដូច្នេះថា៖«ការចាត់របៀបដើម្បីស៊ើបបន្ថែមឲ្យបានច្បាស់លាស់ មុនការសម្រេច វាជាការល្អ ក្រុមមេធាវី មិនមានអ្វីដែលត្រូវតវ៉ា និងជំទាស់នោះទេ» ។



អង្គការសង្គមស៊ីវិលអំពាវនាវឱ្យផ្ដន្ទាទោសតាមច្បាប់ លើអ្នកទទួលខុសត្រូវក្នុងហេតុ​ការណ៍​បាក់អាគារនៅខេត្តកែបកាលពីខែមករាឆ្នាំមុន ដើម្បីជាការព្រមានកុំឱ្យមានគ្រោះថ្នាក់បែបនេះកើតឡើងលើកម្មករតទៀត ប៉ុន្តែនាយករដ្ឋមន្រ្តីថា ការបាក់អាគារនៅខេត្តកែបជាកំហុសមេការសំណង់ ហើយដែលបានស្លាប់ក្នុងហេតុការណ៍នេះទៅហើយ។

ករណីបាក់អគារកម្ពស់៧ជាន់កំពុងសាងសង់នៅក្រុងកែបខេត្តកែប គឺបានបណ្ដាលឱ្យកម្មករនិងសមាជិកគ្រួសារកម្មករ ដែលរួមមានទាំងកុមារផងចំនួន៣៦នាក់ស្លាប់ ក្នុងចំណោម៥៩នាក់ ដែលបានរងគ្រោះថ្នាក់ពីការបាក់អាគារនេះ។

នាយករដ្ឋមន្រ្តីបានប្រកាសបានស្ដីបន្ទោសការបាក់អាគារនៅពេលនោះថា គឺបណ្ដាលមកពីមេការសំណង់ដែលប្រើប្រាស់ដែកសាងសង់មិនត្រឹមត្រូវតាមបច្ចេកទេសនិងឆាប់ដកពុម្ពប្លង់សេមុនកាលកំណត់ហើយមិនបានទម្លាក់កំហុសទៅលើមន្រ្តីណាមួយឡើយ៕