ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងប្រឈមនឹងការកើនឡើងនូវជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត ដូចជា ជំងឺមហារីក ជំងឺវិបត្តិផ្លូវដង្ហើមរ៉ាំរ៉ៃ។ ក្នុងចំណោមជំងឺនានាទាំងអស់ ជំងឺមិនឆ្លងខាងលើ ជាកត្តាធ្វើអោយស្លាប់ និងពិការភាពច្រើនជាងគេ ជាពិសេសក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ។

ក្នុងនោះដែរ ជំងឺស្ទះសរសៃឈាមបេះដូង ជាមូលហេតុចំបងនៃការស្លាប់។ យោងតាមឯកសារ WHO ២០១១ ក្នុងចំណោមប្រជាជនខ្មែរ ១សែននាក់ អ្នកស្លាប់ដោយសារស្ទះសរសៃឈាម បេះដូងមានចំនួន១២៨។
ដោយសារតែមូលហេតុខាងលើនេះហើយ បានជាការតាមដាន និងការរករោគវិនិច្ឆ័យនៃជំងឺស្ទះសរសៃឈាមបេះដូងនៅដំណាក់កាលដំបូងៗ (មុននឹងគ្រោះថ្នាក់កើតឡើង) តាមគ្រប់វិធីសាស្ត្រដែលមាន ជាពិសេសដោយមានជំនួយពីគ្រូពេទ្យឯកទេសបេះដូង ជាមួយនឹងសមត្ថភាពជំនាញវិភាគរូបភាពវេជ្ជសាស្ត្រសរសៃឈាមបេះដូង តាមរយះម៉ាស៊ីនស្កែនបច្ចេកវិទ្យាចុងក្រោយ Multislice CT Scan ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ចំពោះអ្នកដែលមានរោគសញ្ញាដូចខាងក្រោម៖
– ឈឺចុក ឬណែនដើមទ្រូង
– ថប់ដង្ហើម
– អារម្មណ៏ ឫ សញ្ញាហត់ភ្លាមៗដោយគ្មានមូលហេតុ
ជាពិសេសលើអ្នកដែលមានកត្តាប្រឈមគ្រោះថ្នាក់សរសៃឈាមបេះដូងដូចជា៖
– អ្នកដែលមានអាយុច្រើន
– អ្នកដែលលើសទំងន់
– អ្នកពិសារបារី
– អ្នកដែលមានជំងឺលើសឈាម
– អ្នកដែលមានជំងឺទឹកនោមផ្អែម
– អ្នកដែលលើសជាតិខ្លាញ់
– អ្នកដែលមិនធ្វើលំហាត់ប្រាណ ឫប្រកបរបរនៅនឹងមួយកន្លែងយូរម៉ោង ពិសេសការងារការិយាល័យ។
“ប្រសិនបើលោកអ្នកមានរោគសញ្ញា និងកត្តាគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូង ដើម្បីស្វែងរកវិធីសាស្ត្រការពារ និងព្យាបាលទាន់ពេលវេលា សំដៅកាត់បន្ថយការស្លាប់ និងពិការភាពដែលបណ្តាលមកពីជំងឺស្ទះសរសៃឈាមបេះដូង ដែលជាឃាតករស្ងប់ស្ងាត់បំផុត (silent killer)។

អត្ថបទពេទ្យកាល់ម៉ែត្រ