
ក្រៅពីដំណាំស្រូវ ដំឡូងមីគឺជាដំណាំមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មសំខាន់ៗរបស់កម្ពុជា ដែលមានសក្តានុពលខ្ពស់សម្រាប់ធ្វើការនាំចេញ។ ជាក់ស្តែង នៅទូទាំងប្រទេសមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួនប្រមាណ ៦៥៦ ៨៦៨ហ.ត បរិមាណផលសរុបជាង ១២លានតោន/ឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋឆនកសិកម្ម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណាំសេដ្ឋកិច្ចមួយនេះត្រូវបានរងការបំផ្លិចបំផ្លាញដោយសារជំងឺម៉ូសាអ៊ិក ដែលបណ្តាលឱ្យទិន្នផលធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ដើម្បីដោះស្រាយបញ្ហានេះ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំក្រុមការងារចុះទៅពិនិត្យលើការដាំសាកពិសោធន៍ដំឡូងមីពូជ KU៥០ ពូជ៨១ ពូជ៨៩ និងពូជរ៉ាក់យ៉ង៩ លើផ្ទៃដី១៥០ហ.ត នៅក្នុងកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ដើម្បីវាយតម្លៃលើប្រសិទ្ធភាពនៃភាពធន់នឹងសមាសភាពសត្វល្អិតចង្រៃ និងជាពិសេសជំងឺឆ្លងម៉ូសាអ៊ិក របស់ពូជទាំង ៤ប្រភេទនេះ។ ជាលទ្ធផល ក្នុងចំណោមពូជទាំង ៤ប្រភេទនេះ ឃើញថា មានតែពូជ KU៥០ និងពូជ ៨១ មានដងដើមលូតលាស់ល្អ ស្ទើរតែគ្មានវត្តមានជំងឺឆ្លងម៉ូសាអ៊ិក និងគ្មានរោគសញ្ញាដែលបណ្តាលមកពីការបំផ្លាញដោយសមាសភាពចង្រៃផ្សេងៗឡើយ ដែលអាចសន្និដ្ឋានបានថា ជាពូជមានសក្តានុពលខ្ពស់។

ផ្ទុយទៅវិញ ចំពោះពូជ ៨៩ និងពូជរ៉ាក់រ៉ង ៩ មានវត្តមានជំងឺឆ្លងម៉ូសាអ៊ិកប្រមាណពី ២០-៣០% លើផ្ទៃដីដាំដុះសរុប។
យោងទៅលើលទ្ធផលនេះ អគ្គនាយកដ្ឋានកសិកម្មគ្រោងនឹងធ្វើការប្រមូលផល និងការប្រមូលដើមពូជ KU50 និងពូជ ៨១ យកទៅចែកជូនបងប្អូនប្រជាកសិករនៅអំឡុងខែមីនា-មេសា ឆ្នាំ២០២១ ដែលចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងការចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី។

អគ្គនាយកដ្ឋានកសិកម្មសូមធ្វើការណែនាំអំពីវិធានការណ៍សំខាន់ៗមួយចំនួនដូចខាងក្រោម៖
១- ការប្រើប្រាស់ពូជKU៥០ និងពូជ ៨១ ជាជម្រើសដ៏ល្អសម្រាប់កសិករយកទៅដាំដុះ។
២- កសិករគួរជ្រើសរើសដើមពូជដំឡូងមីមានប្រភពច្បាស់លាស់ ពោលគឺពូជដែលផ្តល់ទិន្នផលខ្ពស់ គ្មានផ្ទុកជំងឺ និងជាពិសេសជំងឺម៉ូសាអ៊ិច។
៣- ការធ្វើអនាម័យចម្ការឲ្យបានត្រឹមត្រូវល្អក្រោយពេលប្រមូលផល គឺជាកត្តាសំខាន់ និងចាំបាច់ បំផុតដើម្បីចៀសវាងជំងឺឆ្លង និងជាពិសេសបំផ្លាញប្រភពសត្វល្អិតចង្រៃ ដែលជាភ្នាក់ងារចម្លង ជំងឺ។ បើមានលទ្ធភាពកសិករគួរភ្ជួរដីហាលចោលឲ្យបានច្រើនសារក៏ជាការល្អដែរ។
៤- ករណីមានការបំផ្លាញធ្ងន់ធ្ងរពីសមាសភាពចង្រៃ ជាពិសេសជំងឺម៉ូសាអ៊ិក នៅរដូវបន្ទាប់កសិករគួរដាំដំណាំផ្សេងជំនួស ដូចជាសណ្ដែក ពោត ឬដំណាំផ្សេងៗវិញ ហើយបើអាចកសិករមិនគួរដាំ ដំណាំដំឡូងមីជាប់ៗគ្នាច្រើនឆ្នាំទេ ព្រោះនាំឲ្យបាត់បង់ជីជាតិដី ដីអាចមានមេរោគ មានផ្សិតចង្រៃ និងសមាសភាពសត្វល្អិតចង្រៃ ដំណាំនេះអាចនឹងប្រឈមហានីភ័យខ្ពស់។
៥- ការប្រើប្រាស់ថ្នាំពុលកសិកម្មជាជម្រើសចុងក្រោយ ប៉ុន្តែកសិករគួរពិភាក្សា ឬសុំយោបល់ពីមន្រ្តីជំនាញ ឬពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តសាមី ជាមុនសិន៕ ប្រភព៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម

