អាជ្ញាធរឥណ្ឌាកាលពីថ្ងៃសៅរ៍​បានឱ្យដឹងថាយ៉ាងហោចណាស់មានដំរី​៧ក្បាលបានងាប់ភ្លាមៗ ដោយសារតែឆក់​ខ្សែភ្លើងនៅតំបន់មួយនៃរដ្ឋអូឌីសា ស្ថិតនៅភាគ​ខាងកើតប្រទេស​។ នេះបើយោង​តាម​ការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ កាលពីថ្ងៃម្សិលមិញ។

ដំរីទាំង៧ក្បាលនោះត្រូវបានឆក់ខ្សែភ្លើង​ងាប់ទាំងហ្វូងតាំងតែពីយប់​ថ្ងៃសុក្រម្លេះ ហើយអាជ្ញាធរអភិរក្ស​សត្វព្រៃឥណ្ឌា​នៅក្នុងតំបន់នោះបាននិយាយថាបន្ទាប់ពី​ទទួលដំណឹង​នេះ​ ពួកក្រុមអាជ្ញាធរ និងអ្នកអភិរក្សបានប្រញាប់ប្រញាល់​ទៅកន្លែងកើតហេតុ​ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពី​មូលហេតុដ៏អាក្រក់នេះ។

បើតាមប្រព័ន្ធផ្សពផ្សាយ​នៅក្នុងតំបន់ ​ទីតាំងដែលដំរី​ទាំងនោះ​ឆ្លងកាត់ កំពុងស្ថិតក្នុងដំណាក់កាលដែលអាជ្ញាធរ​រៀបចំប្រព័ន្ធ​អគ្គីសនីសម្រាប់ដំណើរការ​ផ្លូវដែក​ថ្មី។ ដូច្នេះគេសន្និដ្ឋានបានថាការធ្វេសប្រហេសរបស់អ្នករៀបចំ អាចជាមូលហេតុនាំឲ្យមានគ្រោះចង្រៃដល់ហ្វូងដំរីងទាំងនោះ៕