ភ្នំពេញ៖ បញ្ហា​សំរាម​នៅ​តាម​ទី​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា ​មិន​មែន​ជា​ប្រធាន​បទ​ថ្មី​នោះ​ទេ​ ក៏​ប៉ុន្តែ​ដំណោះ​ស្រាយ​ឆ្លើយ​តប​ទៅ​ហ្នឹង​បញ្ហា ​ដែល​កើត​មាន​ឡើង​ដដែលៗ​ និង​ជា​រៀង​រាល់​ថ្ងៃ​នេះ ​ហាក់​ដូច​ជា​មិនសូវមាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ។ តើគួរ​ធ្វើដូច​​ម្តេច ដើម្បីផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋអោយចេះស្រឡាញ់បរិស្ថាន?

អនាម័យ នាំ​មក​នូវ​សុខភាព។ នេះ​គឺ​ជា​ពាក្យ​ស្លោក​មួយ​ឃ្លា ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន បាន​ដឹង​ឮ​ស្ទើរ​គ្រប់​ៗ​គ្នា។ ប៉ុន្តែ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​វិញ បញ្ហា​អនាម័យ​មួយ​ចំនួន ហាក់​ដូចជា​មិន​សូវ​មាន​ការ​ប្រតិបត្តិ អោយ​បាន​ខ្ជាប់​ខ្ជួន​ដើម្បី​សុខភាព ឬ​សោ​​ភ័ណ​​ភាព​នោះ​ទេ។ ជាក់​ស្តែងការ​បោះចោល​សំរាម​ពាសវាល​ពាសកាល ត្រូវ​បាន​គេ​ប្រទះ​ឃើញ ទាំង​នៅ​រាជធានី ទី​ប្រជុំ​ជន និងតំបន់​រមណីយដ្ឋាននានា។ ការ​បោះចោល​សំរាម​នេះ គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង ពី​ចំណេះ​ដឹង មារយាទ និង​ការ​ទទួល​ខុស​ត្រូវ របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ។

លោក ប៉ាវ វណ្ណា ប្រកបអាជីវកម្មនៅក្បែរមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ សង្កេតឃើញថា ពលរដ្ឋមួយចំនួនទុកដាក់សំរាមបានត្រឹមត្រូវ ប៉ុន្តែមួយចំនួនធំនៅ​មិនទាន់ចេះទុកដាក់​សំរាមនៅឡើយ។ លោក បានបញ្ចេញជាយោបល់ថា បញ្ហាបរិស្ថាននេះ អាណាព្យា​បាលគួរតែបណ្តុះចំណេះដឹងកូនៗរបស់ខ្លួន តាំងពីតូចៗមក និងស្ថាប័នពាក់ព័ន្ធ គួរតែរិតបន្តឹងច្បាប់អោយបានតឹងរឹង។

លោក គូ ម៉ៅ សន្តិសុខក្រុមហ៊ុន នៅជិតមន្ទីរពេទ្យរ៉ូស្ស៊ី តែងតែឃើញបងប្អូនប្រជាពល​​រដ្ឋ យកសំរាមបោះចោលយ៉ាងអាណាធិបតេយ្យ ដោយមិនខ្វល់ពីសោភ័ណភាព​បរិស្ថាន​ឡើយ។

«អ្នកខ្លះយល់ច្បាប់ អ្នកខ្លះមិនយល់ច្បាប់ បើគេយល់គេដាក់មួយដុំៗ អ្នកខ្លះអត់ទេ ជិះម៉ូតូ ឡាន មកដល់បោះចោលប្រាវៗ។ យើងត្រូវជួយគ្នា ជួយសំអាតគ្នាទាំងអស់គ្នា ទើបបរិស្ថានស្អាត»។

លោក ជា ជីព អ្នកប្រមូលសំរាមអោយក្រុមហ៊ុនស៊ិនទ្រី បានអោយដឹងថា ក្នុង១ថ្ងៃ ពលរដ្ឋបានបង្កើតសំរាមរាប់តោន នៅក្នុងរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា សំរាម​បាន​កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារកត្តាពលរដ្ឋ។

អ្នកជំនាញ បានផ្តល់ជាយោបល់ថា ការ​លុប​បំបាត់​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ត្រូវ​ចាប់​ផ្តើម​ពី​បុគ្គល​ម្នាក់​ៗ និង​ពី​គ្រួសារ​តូច​ទៅ។ ការ​ផាក​ពិន័យ​ ទៅ​លើ​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល គឺ​ជា​មធ្យោបាយ​មួយ​ដែល​ត្រូវ​តែ​អនុវត្ត ដើម្បី​រួមចំណែក​ផ្លាស់​ប្តូរ​មារយាទ​មិន​សូវ​ល្អ​របស់​ពលរដ្ឋ។ អ្នក​ដែល​ត្រូវ អនុវត្ត​មុន​គេ ​គឺឪពុក​ម្តាយ អាណា​ព្យាបាល គ្រូ​បង្រៀន និង​អាជ្ញាធរមូលដ្ឋាន៕

អត្ថបទ​៖ ខ្មែរណាស់