កម្មការនីនៅរោងចក្រចំនួន១០៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកមណ្ឌលសីមា នៃខេត្តកោះកុង បន្ទាប់ពីកម្មការនីទាំងនេះ បានដួលសន្លប់បន្តបន្ទាប់គ្នា នៅព្រឹកថ្ងៃទី២៣ មករា ឆ្នាំ២០១៨ ស្ថិតនៅរោងចក្រ KKN នៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

យោងតាមទំព័រហ្វេកប៊ុករបស់រដ្ឋបាលខេត្តកោះកុង មូលហេតុនាំឱ្យកម្មការនីទាំងនេះដួលសន្លប់ គឺដោយសារធំក្លិនប្រេងមិនល្អសាយភាយនៅក្នុងរោងចក្រ។

ទោះជាយ៉ាងណា ទំព័រហ្វេកប៊ុកនេះបញ្ជាក់ថា ក្រោយពីអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ចុះទៅសួរសុខទុក្ខផ្ទាល់ដល់មន្ទីរពេទ្យបង្អែក គឺក្រុមកម្មការនីទាំងនេះ បានធូរស្បើយវិញហើយ៕