ជំងឺប្រហោងថត​បេះដូង​ខាងក្រោមពីកំណើត គឺជាការវិវត្តន៍មិនប្រក្រតីនៃបេះដូងពីកំណើត (Malformation cardiaque congénitale) ដែលមាន ៣០% ក្នុងចំណោមជំងឺបេះដូងពីកំណើតទាំងអស់។ ក្នុងករណីបេះដូងធម្មតា (coeur normal) ថតខាងក្រោមទាំងពីរនៃបេះដូង ត្រូវបានខណ្ឌចែកដោយសន្ទះមួយ (Septum inter ventriculaire)។ តែក្នុងករណីជំងឺប្រហោងបេះដូងថតខាងក្រោមវិញ គឺមានវត្តមានប្រហោងនៅលើសន្ទះ ដែលខណ្ឌចែកថតខាងក្រោមទាំងពីរនោះ។

១) មូលហេតុ ៖
មានកត្តាមួយចំនួនដែលជាមូលហេតុដូចជា
– ភាពមិនប្រក្រតីនៃហ្សែន
– ភាពមិនប្រក្រតីនៃក្រូម៉ូសូម (Chromsome): Trisomie 21
– ការញ៉ាំស្រាកំឡុងពេលមានផ្ទៃពោះ

២) រោគសញ្ញា ៖
រោគសញ្ញាគឺអាស្រ័យទៅលើទំហំប្រហោងថតបេះដូចខាងក្រោមៈ
– ពេលខ្លះកុមាររស់នៅក្នុងស្ថានភាពគ្មានរោគសញ្ញាអ្វីទាំងអស់ ក្រៅពីលឺសំលេងមិនធម្មតា ពេលស្តាប់បេះដូង (Souffle systolique en rayons de roue)។
– ពេលខ្លះទៀតមានរោគសញ្ញាដូចខាងក្រោម៖
• បែកញើសលើថ្ងាស
• ដកដង្ហើមញាប់ រឺ ហត់ដង្ហក់
• រលាកសួតញឹកញាប់
• ដើមទ្រូងឡើងប៉ោង
• ការលូតលាស់យឺតយ៉ាវ
• សភាពស្បែកឡើងស្វាយ ជាសញ្ញាមួយបញ្ជាក់ថាការមកទទួលធ្វើរោគវិនិច្ឆ័យឺតយ៉ាវ (CIV dépassée) មានន័យថាហួសពេលធ្វើការវះកាត់បេះដូងហើយ (Syndrome d’eisenmenger)។

៣) ការធ្វើរោគវិនិច្ឆ័យ ៖
– យើងអាចធ្វើរោគវិនិច្ឆ័យបានយ៉ាងងាយស្រួលតាមរយៈអេកូសាស្ត្របេះដូង (Echocardiographie):
• ធ្វើឡើងនៅអំឡុងពេលម្តាយមានផ្ទៃពោះ (Anténatal) ចាប់ពី ៤ខែ ឡើងទៅ។
• ក្រោយពេលសម្រាល (Post natal)។
– អេកូបេះដូងក៏ជាមធ្យោបាយមួយក្នុងការវាយតំលៃអំពីប្រហោងបេះដូងថា ត្រូវធ្វើការវះកាត់ ឬមិនចាំបាច់។ ម៉្យាងទៀតអេកូបេះដូងអាចកំណត់កាលវេលាក្នុងការធ្វើការវះកាត់។

៤) ការព្យាបាល៖
វិធីព្យាបាលជំងឺប្រហោងថតក្រោមនៃបេះដូង រំពឹងទាំងស្រុងទៅលើការវិភាគពេលធ្វើអេកូបេះដូង និងពេលខ្លះតម្រូវធ្វើរហូតទៅដល់ “ការវាស់សម្ពាធឈាមនៅសរសៃឈាមសួត (Cathétérisme cardiaque)”។ ការព្យាបាល គឺអាស្រ័យទៅលើលក្ខណៈសណ្ឋាន ឬស្ថានភាពនៃប្រហោងបេះដូងនីមួយៗ:
– ប្រហោងបេះដូងខ្លះមិនតម្រូវអោយមានការព្យាបាលដោយថ្នាំ រឺដោយការវះកាត់ទេ (CIV de Roger) ពោលគឺគ្រាន់តែមកតាមដានជាមួយគ្រូពេទ្យអោយបានជាប់លាប់។
– ការព្យបាលដោយថ្នាំជាមធ្យោបាយមួយគ្រាន់តែជួយបន្ធូបន្ថយរោគសញ្ញាប៉ុណ្ណោះ។
– ប្រហោងបេះដូងខ្លះតម្រូវអោយធ្វើការវះកាត់បិទប្រហោងនោះទើបបានជាសះស្បើយ។
– ប្រហោងបេះដូងមួយចំនួនតូច អាចធ្វើការព្យាបាលដោយគ្រាន់តែប្រើឆ្នុក (Prothèse) ដោយមិនចាំបាច់ធ្វើការវះកាត់បើកទ្រូងឡើយ។
– ប្រហោងបេះដូងមួយចំនួនទៀតគឺមិនអាចធ្វើការវះកាត់បានឡើយ ពោលគឺហួសពេលក្នុងការធ្វើការវះកាត់ (Syndrome d’Eisenmenger) ។

“ប្រសិនបើមានរោគសញ្ញា ឬអាការៈដូចដែលបានជម្រាបខាងលើ សូមនាំកូនរបស់លោកអ្នកមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការរពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលអោយទាន់ពេលវេលា ជៀសវាងយឺតពេលដែលនាំឲ្យអ្នកជំងឺរស់ក្នុងស្ថានភាពលំបាកមួយជីវិត។”