ជ្រូករស់ចំនួន ៣០ក្បាល​ដែលចាប់បានពីឈ្មួញលួចនាំចូលពីប្រទេសថៃ ហើយពិនិត្យ​ឃើញថា មានជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានសមត្ថកិច្ចជំនាញបដុតកម្ទេចចោល កាលពីថ្ងៃសុក្រម្សិលមិញ នៅខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដា​ល​ទៅ ដល់សុខភាពសត្វ​ជ្រូកដទៃទៀត។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត​បន្ទាយមានជ័យ​បានប្រាប់ឱ្យដឹងថា ជ្រូក​នេះត្រូវ បង្ក្រាបបានចំនួន ២ករណីដោយ ឡែកពីគ្នា ដោយករ​ណីទី១ ចាប់នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចតាមដងផ្លូវ ស្ថិតភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយ បានឃាត់​រថយន្តទេសចរណ៍ ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Q.2123 ដឹកជ្រូក​រស់ចំនួន ២០ក្បាលដែលឈ្មួញបាននាំចូលពីថៃដោយគ្មានច្បាប់។ ចំពោះករណី ទី២ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្បែព្រំដែនចំណុច ច្រករបៀង​ចំការគរ ស្ថិតនៅ ភូមិចំការគរ ឃុំនិងស្រុកស្វាយចេក ដោយឃាត់បានគោយន្ត កន្ត្រៃ១គ្រឿងដឹកជ្រូករស់ ចំនួន១០ក្បាលដែលនាំចូលគ្មានច្បាប់ពីប្រទេសថៃ។



តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ​អគ្គនាយកដ្ឋានសុខភាព សត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ជំងឺប៉េស្តជ្រូកនេះ​មិនឆ្លងទៅដល់មនុស្សនោះទេតែវាឆ្លងពីសត្វទៅសត្វ ហេតុនេះដើម្បីពង្រឹងការទប់ស្កាត់ជំងឺនេះឆ្លងដល់ជ្រូកក្នុងស្រុកនោះ អាជ្ញាធរ និងស​មត្ថកិ​ច្ចពាក់ព័ន្ធត្រូវចូលរួមទាំងអស់គ្នា បង្កើនការពារទប់ស្កាត់នៅតាមបន្ទាត់​ព្រំដែន​មិនឱ្យឈ្មួញលួចនាំចូលបានឡើយ៕