លទ្ធផលធ្វើតេស្ដលើសត្វមាន់ជាង១ពាន់ក្បាល នៅស្រុកឯកភ្នំខេត្តបាត់ដំបងបង្ហាញថា សត្វមាន់ទាំងនោះបានងាប់ដោយសារឆ្លងជំងឺផ្ដាសាយបក្សីH5N1។ អាជ្ញាធរមិនទាន់ដឹង​ពីប្រភពនាំឱ្យការផ្ទុះឡើងវិញនៃជំងឺផ្ដាសាយបក្សីនេះទេ ហើយមិនទាន់មានករណីថាបានឆ្លងមកមនុស្សនោះដែរ ស្របពេលកម្ពុជាធ្លាប់បានរកឃើញជំងឺនេះឆ្លងមកមនុស្សជាលើកដំបូងកាលពី១៥ឆ្នាំមុន។

មន្រ្តីកសិកម្មនៅខេត្តបាត់ដំបងបានលើកឡើងថា កាលពីថ្ងៃទី៦មករា មាន់ចិញ្ចឹមក្នុងចម្ការមួយកន្លែងនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង  បានចាប់ផ្តើមឈឺ ហើយបានងាប់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩មករាអស់ប្រមាណជាង​១៣០០ ក្បាល។ ក្រោយពេល មន្ត្រីបានយកសំណាកទៅពិនិត្យ ហើយលទ្ធផលចេញនៅល្ងាចថ្ងៃទី១១មករាបង្ហាញថា គឺមាន់ទាំងនោះបានឆ្លងជំងឺផ្តាសាយបក្សី។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី១២មករានេះថា មាន់ងាប់ជាង១៣០០ក្បាលនោះ ត្រួវបានពលរដ្ឋមួយគ្រួសារ​ចឹញ្ចឹមនៅក្នុងចម្ការដាច់ដោយឡែកពីភូមិ ហើយមន្ត្រីបានចុះពិនិត្យហើយកប់មាន់ទាំងអស់នេះនៅថ្ងៃទី៩កមរា។

លោកបានថ្លែងដូច្នេះថា៖«ករណីមាន់ឆ្លងផ្តាសាយបក្សីនេះ មិនមែនមានការចម្លងពីខាង​ក្រៅនោះទេ គឺថាជូនកាលមានបក្សីព្រៃហើរពីលើរោងចឹញ្ចឹមមាន់ ហើយវាជុះអាចម៌ដាក់ពីលើមក ដែលលាមកវាមានមេរោគ អាចធ្វើឲ្យឆ្លងជំងឺផ្តាសាយបក្សីទៅសត្វមាន់បាន។ មិនមែនម្ចាស់ចឹញ្ចឹមមាន់ទិញមាន់ពីផ្សារ ឬខាងក្រៅមកហូបនោះទេ«។

លោកបន្ថែមថា ករណីមាន់ងាប់ដោយសារជំងឺផ្តាសាយបក្សីទាំងនេះ គឺកើតមានតែមួយកន្លែងប៉ុណ្ណោះនៅក្នុងខេត្តបាត់ដំបង។

ចំណែកលោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកកដ្ឋានសុខភាពសត្វ និងផលិត​កម្មសត្វ បានប្រាប់សារព័ត៌មានខ្មែរណាស់ផងដែរថា ករណីដែលមាន់ឈឺច្រើនហើយងាប់នេះ គឺទើបតែមាន១ករណីនេះទេនៅបាត់ដំបង ហើយនៅខេត្តផ្សេងទៀតមិនទាន់មានសេចក្ដីរាយការណ៍អំពីករណីមាន់ងាប់នេះឡើយ។

លោក តាន់ ផាន់ណារ៉ា ក៏មិនទាន់ដឹងពីមូលហេតុបណ្ដាលឱ្យមាន់ទាំងនោះ បានឆ្លងផ្ដា​សាយបក្សីងាប់នេះដែរ ប៉ុន្តែលោកអះអាងថា បទពិសោធន៍កន្លងមក ឲ្យតែដល់អំឡុង​ខែធ្នូដល់ខែកុម្ភៈ គឺភាគច្រើនមានជំងឺផ្តាសាយបក្សីនេះកើតឡើង។



លោកបានថ្លែងដូច្នេះថា«ខ្ញុំដូចជាមិនដឹងច្បាស់ថាមកពីមូលហេតុអ្វីនោះទេ ព្រោះប្រទេស​យើងអត់មានផ្ទុះជំងឺនេះផង ប៉ុន្តែកត្តានេះយើងអាចនិយាយបានថា ភាគច្រើននៅរដូវត្រជាក់ខ្លាំង វាអាចមានមេរោគក្នុងបរិស្ថានយើង។ អឹចឹង! វាបង្កលក្ខខណ្ខមិនល្អ ទើបធ្វើឲ្យមាន់អាចឈឺ»។

កាលពីឆ្នាំ២០២០ កម្ពុជាពុំបានរាយការណ៍មានករណីឆ្លងជំងឺគ្រុនផ្ដាសាយបក្សីលើសត្វមាន់ឡើយ ប៉ុន្តែបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នទប់ស្កាត់ជំងឺនេះ ដែលបានផ្ទុះឡើងនៅភាគខាងត្បូងនៃប្រទេសវៀតណាម។ កម្ពុជាបានជួបប្រទះការឆ្លងរាលដាលជំងឺគ្រុនផ្ដាសាយបក្សីចុងក្រោយកាលពីអំឡុងឆ្នាំ២០១៧និងឆ្នាំ២០១៨ នៅខេត្តក្រុងមួយចំនួន ដូចជា ខេត្តព្រៃវែង កំពង់ចាម ភ្នំពេញ កំពង់ធំ និងខេត្តមណ្ឌលគិរី។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានអះអាងថា ចាប់តាំងពីឆ្នាំ​២០០៥ ដល់ ២០១៤ ក្នុងប្រទេសកម្ពុជាធ្លាប់កើតមានជំងឺផ្តាសាយបក្សីនេះ ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណី ក្នុងនោះបណ្ដាលឱ្យមនុស្សស្លាប់ ៣៧ ករណី ។  

រោគសញ្ញាដែលមនុស្សឆ្លងជំងឺនេះពីបក្សី ដូចជាគ្រុនក្តៅលើសពី៣៨.៥ អង្សាសេ ក្អក ឬ​ឈឺក ឬដកដង្ហើមហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងអំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ដែលត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាលល។

វិធីទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺពីបក្សមកមនុស្សនេះ ពលរដ្ឋមិនត្រយកមាន់ ទា ឬសត្វ​បក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ហើយត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាដើម។

ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបញ្ជាក់ទៀតថា អាជ្ញាធរនឹងហាមមិនឲ្យមានការយកបក្សីឆ្លងកាត់ពីតំបន់ផ្ទុះជំងឺផ្តាសាយបក្សីស្ថិតស្រុកឯកភ្នំ ទៅតំបន់ផ្សេងក្នុងរង្វង់៦គីឡូ​ម៉ែត្រ​ឡើយ ដើម្បីកុំឲ្យមានការឆ្លងទៅកន្លែងផ្សេង៕