ភ្នំពេញៈលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មនៅថ្ងៃទី៨កក្កដានេះ បានប្រកាសអំពីការរាល​ដាល​ជំងឺប៉េស្ដជ្រូកអាហ្វ្រិកដល់​ស្រុក​អង្គ​របុរី​ខេត្ត​តាកែវ​និង​ស្រុក​ស្វាយ​ជ្រំ​ខេត្ត​ស្វាយ​រៀង បន្ទាប់​ពីមន្រ្តីជំនាញខាងសុខភាពសត្វបានអះអាងថា តាម​លទ្ធ​ផល​ធ្វើ​តេស្ដ​ឈាម​ ​កាល​ពីថ្ងៃ​៤កក្កដានេះ​ ជ្រូកនៅខេត្តតាកែវនិងស្វាយរៀងប្រហែល៦០ក្បាលបានងាប់ដោយសារឆ្លង​ជំ​ងឹ​ប៉េស្ដ​ជ្រូក​អា​ហ្វ្រិក។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញផ្សាយលិខិតចំនួន២ ដើម្បីប្រកាសអំពីតំបន់ផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិកនៅក្នុងភូមិអំពិលឃុំពន្លៃស្រុកអង្គរបុរីខេត្តតាកែវ នៅក្នុងភូមិឫស្សីជួខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប៉ុន្តែលិខិតទាំងនោះ មិនបានបញ្ជាក់អំពីមូលហេតុនិងចំនួនជ្រូកប៉ុន្មានដែលបានងាប់នៅក្នុងខេត្តទាំងពីរនេះទេ។

កម្ពុជា​បាន​ឆ្លង​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​ដំបូង​កាល​ពី​ថ្ងៃទី​២២​ខែមីនា​ នៅ​ស្រុក​អូ​រយ៉ា​ដាវ​និង​ស្រុក​អូរ​ជុំ​ខេត្ត​រតន​គិរី ដោយ​មាន​ជ្រូក​ជាង​២១៤០​ក្បាល​ត្រូវ​បាន​សម្លាប់​ចោល​និង​ងាប់ ​

លោក​ ញិ​ប ស្រ៊ន ប្រធា​ន​មន្ទីរ​កសិ​កម្ម​ខេត្ត​តាកែវ​បានឱ្យដឹង​​ថា នៅ​ក្នុង​ស្រុក​អង្គរបុរី មានជ្រូកងាប់​តាំង​ពី​ថ្ងៃទី​១ខែ​កក្កដា​ ហើយ​ជ្រូក​ ​ ចំនួន​២៧​ក្បាល ​បាន​ងាប់​ដោយ​សារ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក ខណៈ​៥០​ក្បាល​ទៀតក៏បាន​ងាប់​ដែរ ប៉ុន្តែ​​មិន​មែន​ដោយ​សារ​ជំងឺ​ប៉េស្ដ​ជ្រូក​អា​ហ្វ្រិក​ទេ ។

មកដល់ពេលនេះ មិនទាន់មានការបំភ្លឺអំពីករណីផ្ទុះឡើងជំងឺប៉េស្ដអាហ្វ្រិកនៅខេត្តស្វាយរៀងនៅឡើយទេ។

គួរបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមានជ្រូកប្រហែល២ពាន់២រយក្បាលហើយបានសម្លាប់ចោលនិងងាប់ដោយសារជំងឺប៉េស្ដជ្រូកអាហ្វ្រិក បន្ទាប់ពីជំងឺនេះ បានផ្ទុះឡើងដំបូងក្នុងប្រទេសកាលពីថ្ងៃទី២២មីនា នៅក្នុងខេត្តរនតគីរី។