បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ​​បង្ហាញ​ឱ្យដឹងថា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០១៩នេះ មានអ្នកកើតជំងឺគ្រុនឈាម ៧២៨ករណី ក្នុងនោះ៧០ភាគរយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ​គន្ធ​បុប្ផា​​កុមារអង្គរ នៅខេត្តសៀមរាប ។ បើធៀបនឹងឆ្នាំ ២០១៨ ករណីជំងឺគ្រុនឈាមនេះ កើនឡើង​គួរព្រួយបារម្ភ ពោលគឺរយៈពេល ៥ខែ កាលពីឆ្នាំ ២០១៨ មានករណីជំងឺគ្រុន​​ឈាមចំនួន ២១៤ករណី ប៉ុណ្ណោះ។

ក្រុមមន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ បានធ្វើយុទ្ធនាការចុះបាញ់ថ្នាំមូស​ដាក់ថ្នាំ​អាបែត និងអប់រំពន្យល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីជំរុញទប់ស្កាត់ការបង្ការ​​ការពារ​ជំងឺគ្រុនឈាមដែលបានកើតមានឡើងនៅក្នុងខេត្តមួយនេះ។

លោកវេជ្ជបណ្ឌិត ចេ ពិចិត្រ អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បាន​ឱ្យដឹងថា ជំងឺគ្រុនឈាមបច្ចុប្បន្នកើតលើមនុស្ស គ្រប់វ័យ តែភាគច្រើនកុមារ ដូច្នេះអា​​ណាព្យាបាល ត្រូវមើលការស្លៀកពាក់របស់កុមារ ការលេង ឬគេងពេលថ្ងៃ ដោយ​បង្ការ​​មូសខាំ ព្រោះមូសខ្លាខាំពេលថ្ងៃ។ ពេលកុមារមានគ្រុនក្ដៅ ត្រូវយកទៅ​ពិនិត្យនៅ​​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។

​លោកវេជ្ជបណ្ឌិតបន្តទៀតថា មូសខ្លាញីដែលបង្កកំណើត ត្រូវការទឹកថ្លាស្អាត ដូចជា ការដក់ទឹកនៅតាមសំបកកំប៉ុង ថូ ផើង កែវផ្លាស្ទិច ចានជ័រ ស្នោរ ជាពិសេស​​សម្បក​កង់ឡាន ដែលមូសអាចពង និងញាស់ជាដង្កូវទឹក ហើយវិវត្តន៍ទៅជាមូស ដូច្នេះ​ត្រូវលុប​បំបាត់។ ទឹក ស្អាតដែលស្តុកទុកសម្រាប់ប្រើប្រាស់តាមពាងអាង ត្រូវលាង​​សម្អាត គ្របឱ្យជិត ចិញ្ចឹមត្រី ៧ពណ៌ ឬដាក់អាបែតសម្លាប់ដង្កូវទឹក។

លោកវេជ្ជបណ្ឌិត បានអំពាវនាដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចេះអប់រំកូនតូចៗ កុំលេងកន្លែងណាដែលងងឹត ក្នុងព្រៃរបោះ ហើយប្រសិនជាកូនតូចៗ មានអាការៈក្តៅខ្លួនខ្លាំង ត្រូវប្រញាប់នាំកូនតូចៗ ទៅកាន់មន្ទីរពេទ្យដែលនៅ​ជិតជាបន្ទាន់៕